ព័ត៌មានជាតិ
លោកស្រី ជា សេរី បណ្ឌិតសេដ្ឋកិច្ចពីអូស្ត្រាលី កាន់តំណែងអគ្គនាយកធនាគារជាតិនៃកម្ពុជា
លោកស្រី ជា សិរី គឺជាឥស្សរជនស្ត្រីដ៏ឆ្នើមមួយរូបនៅក្នុងវិស័យធនាគារតាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការ ងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា។ លោកស្រី ជា សិរី មានបទពិសោធយ៉ាងច្រើនលើការងារគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេស ការលើកកម្ពស់រូបិយវត្ថុជាតិ។ ជាមួយគ្នានេះ លោកស្រី ក៏មានប្រវត្តិនៃការសិក្សាមិនធម្មតាផងដែរ ដោយលោកស្រី ជាស្រ្តីខ្មែរមួយរូបដែលទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើនរហូតបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។
តើនៅពីក្រោយភាពជោគជ័យនេះ លោកស្រី ជា សិរី មានប្រវត្តិបែបណា? «កម្ពុជាថ្មី» នឹងលម្អិតប្រវត្តិរបស់លោកស្រី ដូចខាងក្រោម៖

លោកស្រី ជា សិរី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ។ លោកស្រី គឺជាកូនស្រីរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងម្ដាយឈ្មោះ ខៀវ ស៊ីណា។ កាលពីកុមារភាព លោកស្រី រៀននៅសាលាបឋមសិក្សាបាក់ទូក ក្រុងភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ ៨ឆ្នាំ លោកស្រី ត្រូវបានគ្រួសារបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។
ក្រោយចប់កម្រិតវិទ្យាល័យ គឺនៅឆ្នាំ១៩៩៩ លោកស្រី បន្តសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន ដោយនៅឆ្នាំ២០០២ ទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ លោកស្រី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ។ ឆ្នាំ២០២១ កន្លងទៅនេះ លោកស្រី ជា សេរី ក៏ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេស អូស្ត្រាលី។ ទន្ទឹមគ្នានេះ លោកស្រី ក៏បញ្ចប់ការសិក្សាជំនាញរយៈពេលខ្លីផងដែរ គឺវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧។

នៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺលោកស្រី បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ជាបន្តបន្ទាប់ លោកស្រី កាន់តំណែងជាអគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្រៅពីនេះ លោកស្រី ជា សិរី ក៏កាន់តំណែង និងការងារសំខាន់ៗ ជាច្រើនទៀតនៅធនាគារជាតិនៃកម្ពុជា រួមមាន ៖ សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១) សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១) ស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម៕

ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


