ព័ត៌មានជាតិ
ភាពយន្តចម្រៀង ខ្សែជីវិតសម្តេចតេជោ ពេលជាក្មេងវត្ត ដាក់បង្ហាញជាផ្លូវការនៅថ្ងៃស្អែក
ភ្នំពេញ ៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀងបង្ហាញពីជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលផ្ញើខ្លួននឹងព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ នឹងត្រូវបង្ហាញជូនសាធារណជននៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះហើយ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ ក៏ដូចជាបណ្តាញផ្សព្វផ្សាយដទៃទៀត។
ពិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។
ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» មានរយៈពេលប្រមាណ ៣០នាទី។ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» លាតត្រដាងពីជីវិតតស៊ូរបស់សម្តេចតេជោ នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ និងភូមិស្រុក មកផ្ញើវាសនានឹងព្រះសង្ឃក្នុងទីអារាមនៅរាជធានីភ្នំពេញ ដើម្បីស្រវាវិជ្ជា។
ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដឹកនាំផលិតដោយ លោកស្រី ចន ច័ន្ទលក្ខិណា, លោកឧកញ៉ា ហេង ឡុង និងលោកឧកញ៉ា អ៊ឹង លីហេង។ ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារ កាមេរ៉ាថតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រសូត្រនៅថ្ងៃអង្គារ ១៥កើត ព្រះចន្ទពេញបូណ៌មី ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សម្តេចតេជោ ហ៊ុន សែន បានធំធាត់ និងសិក្សានៅក្នុងស្រុកភូមិ រហូតដល់ឆ្នាំ១៩៦៤ បានមករស់នៅក្នុងវត្តនាគវ័ន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រទេវី ក្នុងវ័យទើបតែ ១២ឆ្នាំប៉ុណ្ណោះ។
វ័យ ១២ឆ្នាំ ជាវ័យដែលត្រូវទទួលបានការថ្នាក់ថ្នមបីបមខ្ពស់ពីឪពុកម្តាយ តែដោយសារស្ថានភាពស្រុកទេសខ្វះសាលារៀន ក៏ត្រូវបង្ខំឱ្យលោកឪពុកអ្នកម្តាយ សម្រេចបញ្ជូនកុមារា ហ៊ុន បូណាល់ (ឈ្មោះពីកំណើតរបស់សម្តេចតេជោ) មកស្នាក់នៅក្នុងវត្តនារាជធានីភ្នំពេញ ដើម្បីស្វះស្វែងរកវិជ្ជាជាទុនសម្រាប់ជីវិត។
ជីវិតជាកូនកសិករក្រខ្សត់មករៀនក្នុងរាជធានីភ្នំពេញ ដែលពោរពេញដោយភាពស៊ីវិល័យ ធ្វើឱ្យកុមារា ហ៊ុន បូណាល់ ជួបនូវសម្ពាធជាច្រើនក្នុងជីវិតទាំងការហូបចុក និងការសិក្សារៀនសូត្រ។
បន្ថែមពីលើនោះ កុមារា ហ៊ុន បូណាល់ ក៏ទទួលរងការប្រមាថមើលងាយពីកូនមន្ត្រី និងកូនអ្នកមានធនធានក្នុងរាជធានីភ្នំពេញមួយចំនួនផងដែរ។ បទពិសោធន៍ជីវិតរងការប្រមាថមួយនេះ ធ្វើឱ្យសម្តេចតេជោ តែងអប់រំកូនៗឱ្យចេះឱនលំទោន និងមិនត្រូវប្រមាថមើលងាយអ្នកក្រខ្សត់ជាដាច់ខាត។
បទចម្រៀង «ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន គឺជាលើកបង្ហាញនូវជីវិតតស៊ូមួយនៅក្នុងជីវិតរបស់សម្តេច ហើយក៏ជាចំណែករុញច្រានឱ្យជីវិតសម្តេចទទួលបានជោគជ័យ និងមានភាពល្បាញល្បីរហូតដល់សព្វថ្ងៃផងដែរ។ ប្រសិនបើសម្តេចមិនតស៊ូ និងជម្នះការលំបាកទាំងឡាយក្នុងវ័យកុមារភាពទេនោះ សម្តេចតេជោ ក៏មិនអាចស្វែងរកចំណេះមកទ្រទ្រង់ជីវិតឱ្យបានល្បីរន្ទឺដូចពេលបច្ចុប្បន្ននេះឡើយ៕

-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


