Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឱ្យ​ប្រុងប្រយ័ត្នពីការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍ នៅក្នុងពិធីចែកសញ្ញាបត្រ​ដល់និស្សិតពាណិជ្ជសាស្ត្រនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្ន​បញ្ហាការប្រែប្រួល​អាកាសធាតុនៅតែជារឿងព្រួយបារម្ភ ហើយមិនដឹងថានឹងបញ្ចប់នៅពេលណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «រឿងគ្រោះថ្នាក់ជាងគេ​គឺការប្រែប្រួលអាកាសធាតុនេះជាបញ្ហា​អត់ដឹងថា ចប់ពេលណាទេ​។ ឥឡូវនេះ ពីមួយថ្ងៃទៅមួយថ្ងៃ​ ការប្រែប្រួលអាកាសធាតុ​បានធ្វើឱ្យមានផលប៉ះពាល់ធំទូលាយ។ យប់ម្សិល​បាតុភូតកើតឡើង​នៅខេត្តសៀមរាប ដែលមានខ្យល់កន្ត្រាក់ និងភ្លៀង រហូតដល់របួសស្លាប់ប្រជាពលរដ្ឋ»។

សម្ដេចតេជោ ហ៊ុន សែន បន្តថា កម្ពុជាមិនដែលកើតមានទឹកជំនន់នារដូវខែប្រាំងនោះទេ​ ប៉ុន្តែនៅឆ្នាំនេះយើងបានជួបប្រទះនឹងទឹកជំនន់ខែប្រាំង។ នៅប្រទេសថៃ កំពុងតែរង់គ្រោះ​ដោយ​ខ្យល់​កខ្វក់បោកបក់ទៅលើខេត្តមួយចំនួន​ នៅឥណ្ឌាខ្យល់កខ្វក់ក៏កើតមាន ខណៈអាមេរិកក៏មាន​ខ្យល់កន្ត្រាក់ដែរ។

​សម្ដេចតេជោ ហ៊ុន សែន ​ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ហើយថា មិនដឹងថា ​បញ្ហានេះនាំផលអាក្រក់អ្វីខ្លះ ខណៈកម្ដៅក៏ចេះតែកើនឡើងដែលអាចនឹងប៉ះពាល់​ទៅដល់ផ្នែកកសិកម្មទៅទៀតដូចជាពូជដំណាំរង់កម្ដៅជាដើមដែលទាមទារការសិក្សាបន្ត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម