ព័ត៌មានជាតិ
វិស័យព័ត៌មានកម្ពុជា រក្សាបានវឌ្ឍនភាពគួរជាទីមោទនៈ ខណៈរងវិបត្តិសាកលកូវីដ-១៩
ថ្លែងក្នុង សន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៣-២០២៨ នៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូរីដ-១៩ និងវិបត្តិនយោបាយសាកល បានបង្កឱ្យមានផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកល និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ក៏ប៉ុន្តែ ជារួមលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជានៅរក្សាបានវឌ្ឍនភាពគួរជាទីមោទនៈ ដោយសារបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនាពេលកន្លងមក ក្រោមម្លប់សុខសន្តិភាព ការអភិវឌ្ឍ និងការលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែល ធ្វើឱ្យក្រសួងព័ត៌មានអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យគួរជាទីមោទនៈ។

លោក ខៀវ កាញារីទ្ធ អះអាងថាថា ជាក់ស្តែងបច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណី រួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តីដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន ៦៦១អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៨៧៨អង្គភាព វិទ្យុFM ដែលកំពុងដំណើរការផ្សាយ មានចំនួន ២២១ស្ថានីយ ទូរទស្សន៍ផ្សាយផ្ទាល់ មានចំនួន ១៩ស្ថានីយ និងផ្សាយបន្ត មានចំនួន ១៦៥ស្ថានីយ ទូរទស្សន៍ផ្កាយរណប មានចំនួន ២ស្ថានីយ (Sky One និង តេជោ DTV) ទូរទស្សន៍ឌីជីថល (Pay TV) មានចំនួន ៤ស្ថានីយ និងទូរទស្សន៍ ប្រភេទ OTT (Over The- Top) មាន ៦ស្ថានីយ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យ តំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ១៧អង្គភាព និងសមាគមសារ ព័ត៌មានសរុប មានចំនួន ៥១អង្គភាព។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីការបើកទូលាយសិទ្ធិ សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ព្រមទាំងសក្តានុពល នៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ខៀវ កាញារីទ្ធ មានបញ្ជាក់ថា ទោះបីជាក្រសួងព័ត៌មានសម្រេចបាននូវលទ្ធផលដ៏ធំធេងនាពេលកន្លងមកក៏ដោយ ក៏យើងនៅមានបញ្ហាប្រឈមជាច្រើនដូចជា៖ បញ្ហាថវិកាមិនឆ្លើយតបនឹងទំហំការងារ តម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ការបំពាក់សម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ មធ្យោបាយបំពេញការងារមានការកើនឡើង ធនធានមនុស្សនៅមានកម្រិតមិនឆ្លើយតបនឹងទំហំការងារ និង មានការងារសំខាន់ៗចំពោះមុខជាច្រើនទៀតដែលយើងត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្មថែមទៀត និងរួមគ្នាដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ទន្ទឹមនឹងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាននាពេលកន្លងមក យើងនៅមានការងារសំខាន់ៗចំពោះមុខជាច្រើនទៀតដែលត្រូវអនុវត្តបន្តដូចជា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ការបោះឆ្នោតសកលនីតិកាលទី៧ នៃរដ្ឋសភា បន្តជំរុញសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ការធ្វើវិសោធនកម្មច្បាប់ស្តីពី របបសារព័ត៌មាន និងការកសាងលិខិតបទប្បដ្ឋានគតិយុត្តពាក់ព័ន្ធ ការរៀបចំផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូក ទៅជា ប្រព័ន្ធឌីជីថល ការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលទាមទារ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់គ្នា ព្រមទាំងវិស័យឯកជនបន្តចូលរួមឱ្យកាន់តែសកម្មថែម ទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

គួររំលឹកថា ជាមួយនឹងការរីកចម្រើន នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមានកិច្ចសហការល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់នាពេលកន្លងមកដូចជា រៀបចំវេទិកាតុមូលនិពន្ធនាយកអាស៊ី អឺរ៉ុបលើកទី១០ ឆ្នាំ២០២១, គាំទ្រ និងចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល, ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ, បានធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍ព្រះរាជពិធីប្រទានព្រះអគ្គិកីឡានៅខេត្តសៀមរាប និងធ្វើ ការផ្សាយផ្ទាល់ព្រឹត្តិការណ៍បង្ហែព្រះអគ្គិកីឡាពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសសមាជិកអាស៊ាន និងត្រៀមរៀបចំផ្សាយផ្ទាល់ពិធីដង្ហែព្រះអគ្គិកីឡាពីខេត្តស្ទឹងត្រែង មកកាន់រាជធានីភ្នំពេញ និងចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនៅជុំវិញបឹងទន្លេសាប នោះមកកាន់ពហុកីឡដ្ឋានមតកតេជោ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


