Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារៀបចំពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ១៨០ អង្គ រំលឹកទិវាជាតិនៃការចងចាំក្នុងរបប ប៉ុល ពត

បានផុស

នៅ

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភាឆ្នាំនេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន ១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះរៀបចំនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការនិងប្រជាជនចំនួន ៦.០០០ នាក់។

នៅក្នុងពិធីនោះ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើឱ្យអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន។

ថ្ងៃ ២០ ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។

ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥ នាក់ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន ៨៦​រណ្តៅដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៍ដ៏សាហាវឃោឃៅ និងគួរឱ្យស្អប់ខ្ពើមនេះ។

គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍នេះកើតឡើងជាលើកទី២ និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅធ្លាក់ក្នុងរណ្តៅមរណៈភាពជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀត ប្រជាជនយើងត្រូវចេះប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។

លោក ឃួង ស្រេង បានឧទ្ទិសថ្ងៃ២០ឧសភាឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយ​កលណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែលសម្តេចតេជោហ៊ុន សែនបានដឹកនាំស្វែងរកបានដោយលំបាក៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម