ព័ត៌មានជាតិ
កម្ពុជា មិនបានអនុញ្ញាតឱ្យប្រាក់យ័នចិន ចរាចរណ៍លើទីផ្សារដូចប្រាក់ដុល្លារទេ
លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលរងធនគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា មិនបានអនុញ្ញាតឱ្យ ក្រដាសប្រាក់យ័នចិន ធ្វើចរាចរណ៍នៅលើទីផ្សារដូចប្រាក់ដុល្លារនោះទេ។

ការអះអាងរបស់លោកស្រីបណ្ឌិត ជាសិរី នេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៦កក្កដានេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយ និងមតិមួយចំនួនដែលថា កម្ពុជាឱ្យមានការធ្វើចរាចរណ៍ប្រាក់យ័ននៅលើទីផ្សារ។
លោកស្រី ទេសាភិបាលរង បានបន្តថាថ្មីៗនេះ មានការផ្សព្វផ្សាយមួយចំនួនបានលើកឡើងប្រាកចាកខុសពីការពិតពាក់ព័ន្ធនឹងធនាគារជាតិបានចុះ MOU ជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិន លើការផ្តល់ក្របខណ្ឌសហប្រតិបត្តិការរវាង យូញៀនផេ និងប្រព័ន្ធបាគង KHQR ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិនខណៈបច្ចុប្បន្នកម្ពុជាមានអ្នកប្រើអេប ប្រព័ន្ធបាគងផ្ទាល់ប្រមាណ៦០ម៉ឺននាក់ និងអ្នកដែលប្រើអេបនេះ ជាប្រយោលប្រមាណជាង១០ម៉ឺនករណី ប្រហាក់ប្រហែល៨លាននាក់។
លោកស្រីបានបន្តទៀតថា ការចុះMOUជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិននេះ មិនមែនឱ្យអ្នកទេសចរចិនកាន់ក្រដាសប្រាក់យ័នចិនមកចាយនៅប្រទេសកម្ពុជាដូចជាប្រាក់ដុល្លារនោះទេ។
លោកស្រីបានបន្ថែមថា«នៅក្នុងសម័យឌីជីថលនេះយើងលែងយកក្រដាសប្រាក់មកចាយហើយយើងខំអភិវឌ្ឍន៍ទូទាត់កន្លងមកនេះសំដៅទៅលើការទូទាត់ជាលក្ខណៈអេឡេចត្រូនិច។ មិនមែនទេសចរចិនកាន់ក្រដាសលុយចិនមកចាយនៅស្រុកខ្មែរទេ។ នៅស្រុកចិនការចាយលុយចិនក៏មិនមានច្រើនដែរ។ កន្លែងនេះសូមបញ្ជាក់ កុំឱ្យមានការយល់ច្រឡំ»។
លោកស្រីបានពន្យល់ថា នៅពេលជនជាតិចិនមកស្រុកខ្មែរទិញឬចូលបរិភោគនៅតាមបណ្តាភោជនីដ្ឋាននៅស្រុកខ្មែរណាមួយ ពេលពួកគេទូទាត់មិនមែនទូទាត់ជាប្រាក់យ័នចិនទេគឺគិតជាប្រាក់រៀលដោយត្រូវស្កេន KHQRតាមរយៈប្រព័ន្ធបាគងដោយឱ្យធនាគារនៅស្រុកចិនដកលុយពីគណនីរបស់គាត់គិតតាមអត្រាប្តូរប្រាក់ជាប្រាក់រៀលរួចហើយផ្ទេរមកបង់លុយឱ្យម្ចាស់ហាងឬភោជនីដ្ឋាននៅស្រុកខ្មែរ។ ប៉ុន្តែការទូទាត់បែបនេះ បានអាស្រ័យលើអាជីករត្រូវមានគណនីបាគងជាប្រាក់រៀលជាមុនសិន បើមានគណនីជាប្រាក់ដុល្លារមិនអាចទូទាត់បានទេ។
ដូចគ្នានេះដែរប្រជាពលរដ្ឋខ្មែរទៅកម្សាន្តនៅស្រុកចិនពេលទិញឬចូលបរិភោគអាហារនៅហាងស្រុកចិនណាមួយ គាត់អាចទូទាត់ប្រាក់ដោយស្កេន KHQR ដោយឱ្យធនាគារនៅស្រុកខ្មែរដកលុយពីគណនីរបស់គាត់គិតតាមអត្រាប្តូរប្រាក់ជាប្រាក់យ័នរួចហើយផ្ទេរលុយមកបង់ឱ្យម្ចាស់ឬកន្លែងលក់អហារនៅស្រុកចិន។
លោកស្រីបានបញ្ជាក់ថា ការទូទាត់នេះនឹងជួយជំរុញឱ្យការប្រើប្រាក់រៀលមានការកើនឡើង និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ព្រោះថាពលរដ្ឋខ្មែរអាចទូទាត់ប្រាក់រៀលនៅបរទេសបាន។ ប៉ុន្តែត្រូវមានគណនីបាគងជាប្រាក់រៀលទើបអាចទូទាត់បាន។
លើសពីនេះទៀត អាចជួយទាក់ទាញទេសចរចិនមកលេងស្រុកខ្មែរកាន់តែច្រើនបន្ថែមទៀតផងដែរ ដោយសារទេសចរចិនមិនចាំបាច់ដកលុយយ័នយកមកដូរជាដុល្លារហើយមកចាយនៅកម្ពុជាធ្វើឱ្យមានហានិភ័យលើអត្រាប្តូរប្រាក់នោះទេ។
លោកស្រីរំពឹងថា ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិននេះអាចគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៤ខាងមុខនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាធ្វើការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម និងកំពុងរៀបចំធ្វើជាមួយប្រទេសចិន ឡាវ និងឥណ្ឌាផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


