ព័ត៌មានជាតិ
យុវតីមានពិការភាព៖ «ទោះបីជាខ្ញុំពិការ ពិបាកធ្វើដំណើរយ៉ាងណាក៏ដោយ តែខ្ញុំនឹងទៅបោះឆ្នោត!»
«ទោះបីជាខ្ញុំពិការ ពិបាកធ្វើដំណើរយ៉ាងណាក៏ដោយ តែខ្ញុំនឹងទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដែលគិតគូរពីសុខទុក្ខរបស់ពលរដ្ឋជាធំ»។ នេះ គឺជាការលើកឡើងរបស់យុវតីដែលជាជនមានពិការភាពចំនួន២រូប គឺកញ្ញា ផូ ម៉ារី និងកញ្ញា ស៊ិន ស្រីហង្ស។ យុវតីទាំង២ សុទ្ធតែបានអះអាងដូចគ្នាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ប្រទេស និង ប្រជាពលរដ្ឋកម្ពុជា។

កញ្ញា ស៊ិន ស្រីហង្ស វ័យ២១ឆ្នាំដែលកំពុងសិក្សានៅរាជធានីភ្នំពេញ ជាជនពិការដៃជើងទាំងសងខាង ជិះរទេះដែលមានម្ដាយចាំជួយរុញនោះ បាននិយាយថា ការបោះឆ្នោតនីតិកាលទី៧នេះ គឺជាការបោះឆ្នោតលើកទី១សម្រាប់រូបនាង។ បើទោះជាលើកទី១ក៏ពិតមែន ក៏ស្រីហង្ស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ គិតគូរពីសុខទុក្ខរបស់ពលរដ្ឋជាធំ ជាពិសេស គិតគូរដល់ជនមានពិការភាពដូចជារូបនាង និងអ្នកឯទៀត។
ចំណែក កញ្ញា ផូ ម៉ារី វិញ គឺមានស្ថានភាពពិការជើង មិនអាចដើរបាន តម្រូវឱ្យត្រូវជិះរទះជាប់ជាប្រចាំ។ ស្ថិតក្នុងវ័យ២៣ឆ្នាំ កញ្ញា ផូ ម៉ារី ធ្លាប់បានចូលរួមបោះឆ្នោតម្ដងរួចមកហើយ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ កញ្ញា ម៉ារី បានត្រៀមខ្លួនរួចជាស្រេចថា នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីទៅចូលរួមការបោះឆ្នោតក្នុងនាមជាម្ចាស់ប្រទេស ព្រោះសន្លឹកឆ្នោតរបស់កញ្ញាមួយសន្លឹក គឺអាចកំណត់ជោគវាសនារបស់កញ្ញាផ្ទាល់ ក៏ដូចជាជោគវាសនារបស់ប្រទេសជាតិទាំងមូល។

សម្រាប់កញ្ញា ម៉ារី ផ្ទាល់ ការបោះឆ្នោតខាងមុខនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាការជ្រើសរើសមេដឹកនាំដែលល្អ ដែលត្រឹមត្រូវ ដ៏ខ្លាំងពូកែ មេដឹកនាំដ៏ឈ្លាសវៃសម្រាប់យកមកធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន មានមុខមាត់នៅលើឆាកអន្តរជាតិ មិនធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងស្រមោលអតីតកាលនៃសង្គ្រាមដូចកាលពីមុន មិនធ្វើឲ្យពលរដ្ឋរស់នៅដោយវេទនា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ វា គឺជាការបោះឆ្នោតដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិដោយស្របច្បាប់របស់ខ្លួន ដើម្បីគូសសន្លឹកឆ្នោត ជ្រើសរើសតំណាងដែលមានទំនួលខុសត្រូវខ្ពស់ចំពោះការដឹកនាំប្រទេស។ ម្យ៉ាងវិញទៀត វាក៏ជាការបង្ហាញអំពីភាពយុត្តិធម៌ ការគាំទ្រ និងទំនុកចិត្តជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលកើតចេញពីការជ្រើសរើស និងការគូសសន្លឹកឆ្នោតជ្រើសរើសដោយដៃប្រជាពលរដ្ឋផ្ទាល់តាមមាគ៌ាប្រជាធិបតេយ្យ។

សម្រាប់ការបោះឆ្នោតខាងមុខនេះ យុវតីទាំង២ បានអំពាវនាវទៅកាន់ជនមានពិការភាពគ្រប់រូប និយាយដោយឡែក និងប្រជាពលរដ្ឋខ្មែរទាំងអស់ និយាយជារួម សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីកំណត់ជោគវាសនារបស់ប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។
សូមជម្រាបថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំការិយាល័យបោះឆ្នោតចំនួន ២៣ ៧៨៩ ការិយាល័យនៅទូទាំងប្រទេសកម្ពុជា ។ គ.ជ.ប ក៏នឹងត្រៀមមធ្យោបាយដូចជា ម៉ូតូ រថយន្ត ទូក កាណូត ឧត្ថម្ភាគចក្រ ដំរី ដើម្បីដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅគ្រប់ការិយាល័យទាំងអស់ ទាំងនៅទីប្រជុំជន តំបន់ដាច់ស្រយាល ចុងកាត់មាត់ញក ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តបានយ៉ាងរលូនគ្មានភាពរាំងស្ទះ ហើយពលរដ្ឋបានអនុវត្តសិទ្ធិរបស់ខ្លួនបានគ្រប់គ្នាៗ។
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


