ព័ត៌មានជាតិ
ឆ្នាំនេះ កម្ពុជា អាចប្រឈមគ្រោះរាំងស្ងួតក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសារបាតុភូត អ៊ែលនីណូ
សម្រាប់ឆ្នាំ ២០២៣ នេះ កម្ពុជា អាចប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដោយសារបរិមាណទឹកភ្លៀងក្រោមមធ្យមភាគប្រចាំឆ្នាំដែលបណ្ដាលមកពីបាតុភូតអ៊ែលនីណូ។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ កក្កដានេះថា កម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ និងពិភពលោក កំពុងប្រឈមនឹងផលវិបាក នៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយបាតុភូត អ៊ែលនីណូ ក្នុងកម្រិតធ្ងន់ធ្ងរ ធ្វើឲ្យអាកាសធាតុក្ដៅខ្លាំងហួតហែង។

លោកបានបន្តថា កន្លងមកកម្ពុជាទទួលបរិមាណទឹកភ្លៀងច្រើនលើសលប់ពេញមួយឆ្នាំ ប៉ុន្តែឆ្នាំនេះតាមការព្យាកររបស់ក្រសួងជំនាញ បរិមាណទឹកភ្លៀង នឹងទទួលបានក្រោមមធ្យមភាគប្រចាំឆ្នាំ ដោយសារឥទ្ធិពលបាតុភូត អ៊ែលនីណូ ចាប់ពីខែកុម្ភៈ រហូតដល់ខែវិច្ឆិកា ដែលនេះជាលើកទី ២ ហើយ បន្ទាប់ពីឆ្នាំ ២០១៦ បង្កឲ្យមានការខ្វះខាតទឹកធ្ងន់ធ្ងរក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកបានបន្តទៀតថា នៅក្នុងឆមាសទី ១ ឆ្នាំនេះ អាកាសធាតុក្ដៅស្ងួត បានគ្របដណ្ដប់ទូទាំងប្រទេស ហើយក្នុងខែមេសា ឆ្នាំ ២០២៣ សីតុណ្ហភាព បានកើនឡើងពី ៤០ ដល់ ៤១,៤៧ អង្សាសេ លាយឡំជាមួយនឹងភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយថ្មីៗនេះបរិមាណទឹកភ្លៀងមានច្រើនអាចបង្កទៅជាជំនន់ទឹកភ្លៀង ឬ ទឹកជំនន់រហ័សនៅតាមតំបន់មួយចំនួនផងដែរ។ ដូចនេះបាតុភូតអ៊ែលនីណូ នេះ អាចបង្កឲ្យមានទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។
ក្នុងការដោះស្រាយបញ្ហាប្រឈមនឹងបាតុភូត អ៊ែលនីណូ បែបនេះ លោក សុទ្ធគឹម កុលមុនី បានបន្តទៀតថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជំនាញក្នុងការរៀបចំអន្តរាគមន៍ហេតុការណ៍គ្រោះមហន្តរាយនានារួមមាន កងប្រតិបត្តិការរុករក និងសង្គ្រោះ ១៦ កងត្រៀមប្រចាំការនៅតាមភូមិសាស្ត្រ មធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះនានាសម្រាប់សង្គ្រោះដូចជា ទឹកជំនន់ គ្រោះអគ្គិភ័យ គ្រោះរាំងស្ងួត និងការបាក់រលំអគារជាដើម។
ជាមួយគ្នានេះដែរ ក្រសួងជំនាញ ចុះណែនាំដល់ប្រជាកសិករឲ្យចេះសន្សំសំចៃទឹកក្នុងពេលស្ថានភាពទឹកភ្លៀងនៅឆ្នាំនេះមិនអំណោយផលល្អ និងត្រៀមស្បៀងបម្រុងដូចជា ស្រូវពូជ និងស្បៀង សម្រាប់ការដាំដុះ ស្ដារឡើងវិញដោយសារការខូចខាតបណ្ដាលមកពីគ្រោះរាំងស្ងួត ឬ ទឹកជំនន់ជាដើម។
ទន្ទឹមនេះរៀបចំធ្វើសមយុទ្ធសាកល្បងសម្រាប់ការឆ្លើយតបក្នុងហេតុការណ៍បន្ទាន់ គ្រោះអាសន្នផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពកងប្រតិបត្តិរុករក និងសង្គ្រោះទាំងមន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ក៏ដូចជាធ្វើឲ្យប្រសើរឡើងការរៀបចំផែនការត្រៀមបម្រុងថ្នាក់ជាតិ និងខេត្តផងដែរ។
លោក សុទ្ធគឹម កុលមុនី បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់តាមដានព័ត៌មានស្ដីពីអាកាសធាតុ និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗជាប់ជាប្រចាំ ដើម្បីត្រៀមរៀបចំផែនការ និងត្រៀមលក្ខណៈឆ្លើយតបអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ពិសេសគ្រោះរាំងស្ងួត ឬ គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ដែលអាចកើតឡើងជាយថាហេតុ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


