ព័ត៌មានជាតិ
ជួសជុលដំបូលហោ និងរៀបចំកែលម្អបរិស្ថានសំណង់ឡើងវិញ នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែលម្អបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣នេះ។

បើយោងតាមការតំណាលតៗគ្នាថា ព្រះអង្គចេក ព្រះអង្គចមជាទេពធីតាដែលជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋមានជំនឿ ចាប់អារម្មណ៍ និងគោរពបូជាចំពោះព្រះនាងចេក ព្រះអង្គចម គឺដោយសារតែភាពសុច្ចរិតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងពីរតែងតែអាណិតអាសូរធ្វើបុណ្យដាក់ទានដល់អស់ប្រជានុរាស្រ្ត ដែលត្រូវការព្រះនាងទាំងពីរជួយ ពិសេសទៅទៀតព្រះនាងទាំងពីរបានអប់រំអ្នកទោសទាំងឡាយ ឲ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនា និងបានដោះលែងពួកគេឲ្យមានសេរីភាពថែមទៀត។

ព្រះនាងទាំងពីរ គឺជាអ្នកដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ទៅមួយជំនាន់រហូតដល់រជ្ជកាលព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី ១៦ ព្រះអង្គបានអនុញ្ញាតឲ្យគេសាងរូបព្រះនាងចេកចម សម្រាប់ប្រជារាស្ត្រទូទៅគោរពបូជា។

លុះក្រោយមករូបព្រះនាងទាំងពីរនេះ បានធ្វើឲ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើន ទើបប្រជារាស្រ្តបានចាត់ទុករូបព្រះនាងទាំងពីរ ជាព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិ និងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះរូបព្រះនាងទាំងពីរ បានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាច និងឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើមរៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិ និងការលក់ដូរ។ ហេតុនេះហើយបានជារូបព្រះអង្គចេកព្រះអង្គចម បានបាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេបោះបង់ចោល។ ទោះយ៉ាងណាក៏ដោយ រូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ ក្នុងឆ្នាំ ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថា រូបព្រះអង្គចេកព្រះអង្គចម កាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។

លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេកព្រះអង្គចម ក៏ត្រូវក្រុមទាហានខ្មែរក្រហម យកទៅទម្លាក់ចោលក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹង រហូតដល់ខេត្តសៀមរាប ត្រូវបានរំដោះនៅឆ្នាំ ១៩៧៩។ គេជឿថា ក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយករូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹងសៀមរាប បានស្លាប់ដោយសារបារមីរបស់ព្រះអង្គចេកព្រះអង្គចម នៅក្រោយពេលមិនយូរប៉ុន្មាន បន្ទាប់ពីយកព្រះពុទ្ធរូបទាំងពីរនេះ មកទម្លាក់ចោលក្នុងទឹកស្ទឹង។

ក្រោយមកនៅឆ្នាំ១ ៩៨២ ព្រះចៅអធិការវត្ដដំណាក់ រួមជាមួយនឹងការចូលរួមពីលោកអភិបាលខេត្តសៀមរាប គឺលោក នៅ សម បាននាំគ្នាកសាងអាស្រមតូចមួយនៅក្បែរព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬសួនដំណាក់ស្ដេច ហើយប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបទាំងពីរអង្គពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះ។
សព្វថ្ងៃនេះ ក្លាយជាកន្លែងអាចឲ្យពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សម្រាប់គោរពបូជានិងបួងសួង សុំសេចក្ដីសុខសប្បាយ តាមសេចក្ដីប្រាថ្នារបស់ពួកគេម្នាក់ៗ តាមការបន់ស្រន់រៀងៗខ្លួន។ បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញទស្សនាប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


