ព័ត៌មានជាតិ
មេដឹកនាំឡាវគាំទ្ររដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី និងប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ
លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានថ្លែងសារទរចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្ររដ្ឋាភិបាថ្មីដោយប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជកម្ពុជា បន្ទាប់ពីជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣។

ក្នុងជំនូបនេះ លោក ថងលុន ស៊ីសុលីត បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានស្ងើចសរសើរអំពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ឆ្នើម និងប្រកបដោយចក្ខុវិស័យ ដែលទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។
ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះក្នុងឱកាសដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

លោកអគ្គលេខាធិការបានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការ បន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបានប្ដេជ្ញានឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងស្មោះសរចំពោះ លោក ថងលុន ស៊ីសុលីត ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលប្រជាជនឡាវ សម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងអន្តរជាតិ។

ថ្នាក់ដឹកនាំគណបក្សទាំងពីរបានអបអរសាទរ ទិវាអាស៊ាន ០៨ សីហា ក្នុងឱកាសដែលប្រទេសសមាជិកអាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជាចំពោះឡាវ ជាប្រធានអាស៊ានឆ្នាំ២០២៤។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិតក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា របស់ពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចដែលកាន់ត ស្រួចស្រាល់ និងស្មុគស្មាញក៏ដោយ ក៏គណបក្ស និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរសព្ទ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋាន។
ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និង សាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល យុវជនបន្តវេន ដើម្បីរក្សា និងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រជាជាតិទាំងពីរ។
ថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធនៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹង រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕


-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


