ព័ត៌មានជាតិ
សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះជាង១៣០នាក់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមថ្មីពីរដ្ឋាភិបាល
នៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ សីហាឆ្នាំ២០២៣ មានសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះជាង ១៣០នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមថ្មី ពីរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារកាលពីថ្ងៃទី១១ សីហា នៅសាលប្រជុំសាលាខេត្តកណ្តាលលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. បានឱ្យដឹងថាបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងកម្រិតនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយសម្រាលមានចំនួន ៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់។

លោកបានបន្តថា គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។
លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា ដើម្បីធានាគោលការណ៍ទូទៅនៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។
លោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជីរួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការរាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹងអំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


