Connect with us

ព័ត៌មានជាតិ

ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ក្នុងភូមិសាស្រ្តមានជម្លោះព្រំដែននៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ

បានផុស

នៅ

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បណ្ឌិត ចន ណារិទ្ធ ឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ នេះ ថា ក្នុងអំឡុងមានជម្លោះប្រដាប់អាវុធដែលបណ្ដាលមកពីការឈ្លានពានរបស់ថៃនេះ, រាជរដ្ឋាភិបាលបានកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ចន ណារិទ្ធ ការកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីនេះ នឹងអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ក្នុងភូមិសាស្រ្តដែលមានជម្លោះព្រំដែន នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព ទាំងមុនពេលសម្រាល, ពេលសម្រាល, និងក្រោយពេលសម្រាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

លោក ចន ណារិទ្ធ ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅមូលដ្ឋានសុខាភិបាលសាធារណៈចាប់តាំងពីមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាលរហូតកូនមានអាយុ ២ ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បន្ថែមថា ដោយឡែកក្នុងអំឡុងដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃពេលនេះ បានធ្វើឱ្យរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ជាពិសេសសិទ្ធិក្នុងការការទទួលបានការគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ, ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ក្នុងការ កែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាព ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជាដែលរងការឈ្លានពានពីប្រទេសថៃ នាពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម