ព័ត៌មានជាតិ
តំណាងសហជីព នឹងបើកយុទ្ធនាការផ្សព្វផ្សាយស្ថានភាពការពិភាក្សាប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤
តំណាងភាគីសហជីព បានឲ្យដឹងថា សហជីព នឹងបើកយុទ្ធនាការផ្សព្វផ្សាយអំពីស្ថានភាពការពិភាក្សាប្រាក់ឈ្នួលកម្មករ ឆ្នាំ ២០២៤ ចំនួនពីរ ដែលមានតួលេខ ២០៤ ដុល្លារ និង ២០១៣ ដុល្លារ ដល់កម្មករនិយោជិតបានយល់ដឹងថា តើមូលហេតុអ្វីបានជាមានតួលេខពីរដូច្នេះសម្រាប់ប្រាក់ឈ្នួលកម្មករ ឆ្នាំ ២០២៤។

ថ្លែងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី ៥ នៅថ្ងៃទី ១៨ កញ្ញានេះ លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំលើកទី ៥ នេះ តំណាងភាគីសហជីពបានដាក់តួលេខចំនួនពីរ គឺ ចំនួន២០៤ ដុល្លារ ដែលមានការឯកភាពពីសមាជិកចំនួន ១២ រូប និង ២០១៣ ដុល្លារ មានការឯកភាពពីសមាជិកចំនួន ៥ រូប។

លោកបានបន្តថា «ការទទួលបាននូវតួលេខពីរខុសគ្នានេះ ដោយសារភាគីសហជីពមានការគិត និងទឡ្ហីករណ៍ផ្សេងៗគ្នា មិនដូចភាគីនិយោជកមានការឯកភាពនូវតួលេខរួមគ្នានោះទេ»។
លោកបានបន្តថា សម្រាប់តួលេខ ២០៤ ដុល្លារ ដែលតំណាងសហជីពទាំង ១២ ស្នើសុំនេះ គឺមិនឲ្យលើសពីការប្រកួតប្រជែងទេ ព្រោះជាធម្មតាការដំឡើងប្រាក់ឈ្នួលស្ថិតនៅលើលក្ខណៈវិនិច្ឆ័យទាំង ៧ ដោយផ្តោតលើអតិផរណា និងការប្រកួតប្រជែងជាចំណុចសំខាន់។

លោកបានបន្ថែមថា «ក្នុងនាមសហជីពយើងនៅជាមួយកម្មករពិតប្រាកដ គឺដើម្បីឲ្យកម្មករមានការងារធ្វើកាន់តែច្រើនជាងមុន ពិសេសយើងមើលឃើញថា ស្ថានភាពបច្ចុប្បន្នមានរោងចក្រមួយចំនួនត្រូវបានព្យួរ ហើយបើយើងចេះតែបន្តទាមទារដំឡើងខ្ពស់ពេកពិបាកនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលពុំទាន់មានប្រទេសណាមួយមានគោលការណ៍ដំឡើងប្រាក់ឈ្នួលដូចកម្ពុជាយើងទេ។ ដូចនេះយើងត្រូវមើលពីទិដ្ឋភាពជាក់ស្ដែង បើយើងមិនគិតទេ នឹងមានក្រុមហ៊ុនមួយចំនួននឹងរើចេញពីកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ការងារកម្មករកាន់តែច្រើន»។
លោកបានបញ្ជាក់ថា ដើម្បីឲ្យកម្មករនិយោជិតបានយល់កាន់តែច្បាស់ ចាប់ពីពេលនេះទៅសហជីពនឹងបើកយុទ្ធនាការផ្សព្វផ្សាយអំពីស្ថានភាពការពិភាក្សាប្រាក់ឈ្នួលកម្មករ ឆ្នាំ ២០២៤ ចំនួនពីរ ដែលមានតួលេខ ២០៤ ដុល្លារ និង ២០១៣ ដុល្លារ ដល់កម្មករនិយោជិតបានយល់ដឹងថា តើមូលហេតុអ្វីបានជាមានតួលេខពីរដូច្នេះ សម្រាប់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ ខណៈពីដំបូងបានទាមទារដំឡើងដល់ ២១៥ ដុល្លារ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រៅពីភាគីសហជីពដាក់តួលេខថ្មី ខាងភាគីរាជរដ្ឋាភិបាលបានដាក់តួលេខជាផ្លូវការដែរ គឺ ២០២ ដុល្លារ ខណៈភាគីនិយោជកបានដំឡើងដល់ ២០១,៥០ ដុល្លារ ដែលពីដំបូងដាក់ត្រឹម ២០១ ដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើតាម លោក ហេង សួរ ត្រីភាគី នឹងជួបប្រជុំចុងក្រោយនៅថ្ងៃទី ២៨ កញ្ញាខាងមុខ ហើយក្នុងករណីមិនអាចរកឃើញតួលេខណាមួយទេ នឹងមានការបោះឆ្នោតសម្រេចយកតែម្ដង។
គួរបញ្ជាក់ថា ត្រីភាគី មានសមាជិកសរុបចំនួន ៥១ រូប ក្នុងនោះភាគីរដ្ឋាភិបាល ១៧ រូប ភាគីសហជីព ១៧ រូប និងភាគីនិយោជកមាន ១៧ រូប៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


