ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជាច្រើន សុទ្ធតែឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា អ្នកដឹកនាំជាច្រើន សុទ្ធតែត្រូវបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល។

ការលើកឡើងនេះ ក្នុងឱកាសដែល ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីចូលរួមក្នុងពិធីបើកសិក្ខសាលាបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៥» នៅសហសាលសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ជាច្រើនឆ្នាំមកហើយ ដែលសាលាភូមិន្ទរដ្ឋបាល បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្មបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ អ្នកដឹកនាំជាច្រើន សុទ្ធតែត្រូវបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្ដុះបណ្ដាលនៅទីនេះ»។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ថ្ងៃនេះ សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយក្នុងចំណោមវគ្គជាច្រើនផ្សេងទៀត ដើម្បីបណ្ដុះបណ្ដាលមន្ត្រីរាជការជាន់ខ្ពស់ និងអនាគតអ្នកដឹកនាំស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសអាទិភាពគន្លឹះទី ១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺ មនុស្ស។ ជាក់ស្ដែង អាទិភាពទី ២ ដែលមានចែងក្នុងមុំទី ១ របស់យុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងសមត្ថភាព នៃភាពជាអ្នកដឹកនាំ ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ការវាយតម្លៃ និងការទទួលស្គាល់អ្នកដឹកនាំគំរូ និងការរៀបចំបណ្ដាញអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ។ បន្ថែមពីលើនេះ នៅក្នុងមុំទី ២ នៃយុទ្ធសាស្ត្របញ្ចកោណដដែល បានចែងពាក់ព័ន្ធជាមួយការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយសមត្ថភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌ ស្របតាមតួនាទី និងការទទួលខុសត្រូវ។

ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លើកទី៥ ក៏ជាផ្នែកមួយ នៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិធានការគន្លឹះ ត្រង់ចំណុចទី ២ គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា។

ជាមួយនេះ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្ថែមថា ទាំងអស់នេះ បង្ហាញពីភាពសំខាន់ និងចាំបាច់ នៃវគ្គបណ្ដុះបណ្ដាលនិមួយៗ ដែលបាន និងកំពុងរៀបចំ តម្រូវឲ្យសិក្ខាកាមទាំងអស់ ប្រើប្រាស់ពេលវេលានេះដោយយកចិត្តទុកដាក់ ហើយបំពេញតាមលក្ខខណ្ឌនានារបស់វគ្គ ដើម្បីបានជាពុទ្ធិ និងទទួលនូវបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីយកទៅដឹកនាំអង្គភាព និងស្ថាប័នរៀងៗ ខ្លួន ព្រោះសិក្ខាកាមទាំងអស់គ្នាដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែជាធនធានដ៏សំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


