ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ៖ ជំនាញបច្ចេកទេសជួយឲ្យយុវជនឆាប់មានការងារធ្វើ ខណៈកម្មករ-និយោជិត អាចផ្លាស់ប្ដូរជំនាញ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឲ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស។ ក្នុងនោះ ជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស“ការសិក្សាពេញមួយជីវិត” ដល់កម្មករ-និយោជិត តាមរយៈកម្មវិធីផ្លាស់ប្ដូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ទោះបីជាកំពុងមានការងារធ្វើក៏ដោយ។

ការបញ្ជាក់របស់ លោក ហេង សួរ នេះ នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ កាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នាឱកាសនោះដែរ លោក ហេង សួរ បានថ្លែងថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍន៍កម្លាំងពលកម្មឲ្យមានជំនាញ សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួន ដែលអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងចំពោះមុខ និងទាំងអនាគត។ ចំពោះការប្រកាសអនុវត្តជាផ្លូវការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅពេលនេះ គឺសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅ ទូទាំងប្រទេសចំនួន ១,៥ លាននាក់ ដោយអាចចូលរៀនវគ្គជំនាញមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។

លោក ហេង សួរ ចាត់ទុកថា កម្មវិធីបណ្ដុះបណ្ដាលនេះប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុម គោលដៅឲ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថា កំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។

សូមបញ្ជាក់ថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចាប់ផ្ដើមចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ តាមរយៈ (១). ប្រព័ន្ធឌីជីថលដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត ចំនួន ១៤, និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៥។ ចំពោះលក្ខខណ្ឌ នៃការចុះឈ្មោះចូលរៀន ត្រូវតែជាសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ ឆ្នាំឡើង, និង មានបណ្ណសមធម៌ ឬ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ចំពោះអត្ថប្រយោជន៍វិញ សិស្ស នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


