ព័ត៌មានជាតិ
ត្រឹម ១ ខែ ក្រសួងការងារ ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស ដល់ពលរដ្ឋ ជាង ១ លាន ៣ សែននាក់
គិតចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយដល់ក្រុមគោលដៅដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស នៅទូទាំងប្រទេសបានចំនួនជាង ១ លាន ៣ សែននាក់ ខណៈក្រុមគោលដៅជិត ១០ ម៉ឺននាក់ ចុះឈ្មោះជាសមាជិក។

បើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស សរុបចំនួន ៩១ ១៣៧ នាក់។

លោក ហេង សុផាន់ណារិទ្ធ បានបន្តថា ចំណោមអ្នកចុះឈ្មោះទាំងនោះ ក្រសួងការងារ ទទួលបានបុគ្គលស្វ័យនិយោជន៍ចំនួន ៨៧ ២៦៤ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៣ ៨៧៣ នាក់។ ក្នុងនោះដែរ សមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន ៣៧ ៩៣៩ ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៧១៤,០៨ លានរៀល។

លោក បានបន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៥២៧ លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៥៤ ៥៣១ នាក់។ ក្នុងនោះ ការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ១ ២៨៧ ដង និងចំនួនចូលទស្សនា ៩៧ ៧៨៥ ដងបន្ថែមទៀត។ ហើយការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តយុទ្ធនាការរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្ដីពី របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមទីសាធារណៈ ខ្នងផ្ទះ និងរោងចក្រឧស្សាហកម្មនានា នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងចុះឈ្មោះពលរដ្ឋដើម្បីប្រើប្រាស់។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស ដល់ប្រជាពលរដ្ឋ ជាង ១ លាន ៣ សែននាក់ និងការចុះឈ្មោះជិត ១០ ម៉ឺននាក់ នាពេលនេះ ធ្វើឡើងក្រោយការប្រកាសដាក់ឲ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ក្រោមអធិបតី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


