Connect with us

ព័ត៌មានជាតិ

លោក ទៀ សីហា ៖ អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ត្រូវតែធ្វើការឱ្យស្មើដៃគ្នា

បានផុស

នៅ

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ណែនាំ​អភិបាល​ខេត្ត​កោះកុង និង​ក្រុម​ប្រឹក្សា​ខេត្ត​អាណត្តិ​ទី ៤ ត្រូវ​តែ​ធ្វើ​ការងារ​ឱ្យ​ស្មើ​ដៃ​គ្នា ដោយ​រួមគ្នា​អភិវឌ្ឍន៍ ព្រម​ទាំង​ពិនិត្យ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ប្រកាស​តែងតាំង​ក្រុម​ប្រឹក្សា​ខេត្ត​កោះកុង អាណត្តិ​ទី ៤ លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត បាន​ប្រាប់​ទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និង​លោក ថុង ណារុង ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត គប្បី​ធ្វើការ​ឱ្យ​ស្រប​គ្នា សហការ​ពិនិត្យ​ដោះស្រាយ​ផែនការ​អភិវឌ្ឍន៍ និង​ដោះស្រាយ​រាល់​ការ​ប្រឈម សំណើ​ពី​ប្រជាពលរដ្ឋ ក្នុង​ន័យ​ទទួល​បាន​ការ​អភិវឌ្ឍ​បន្ត។

ចំណោម​កិច្ចការ​ជាច្រើន លោក ទៀ សីហា ទាមទារ​ឱ្យ​រដ្ឋបាល​ខេត្ត ពិនិត្យ​ធ្វើ​បច្ចុប្បន្ន​ប្រជាសាស្ត្រ​ចំនួន​ប្រជាពលរដ្ឋ​ឡើងវិញ ខណៈ​របាយការណ៍​ការ​បង្ហាញ​ប្រជាជន​កើន​ឡើង​ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ហើយ​ធ្វើ​បែបនេះ ដើម្បី​ឱ្យ​ខេត្ត​មាន​ភាព​ទាក់ទាញ​កំណើន​អ្នក​វិនិយោគទុន ភ្ញៀវ​ទេសចរ និង​ពន្លឿន នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

លោក ទៀ សីហា បន្ត​ថា នៅ​ពេល​ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង​កើន​លើស​ពី ១៥ ម៉ឺន​នាក់ ទៅ ២០ ម៉ឺន​នាក់ អាច​មាន​លទ្ធភាព​សេដ្ឋកិច្ច​ប្រាក់ចំណូល​បាន​ល្អ​ប្រសើរ​ជាង​មុន ផ្អែក​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​ផ្សេងៗ ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​ខេត្ត​ព្រះសីហនុ កំពត និង​កែប គ្រា​ខេត្ត​មាន​សក្ដានុពល​ធម្មជាតិ​ច្រើន​ដែល​មិន​ទាន់​កែច្នៃ។

ទន្ទឹម​នឹង​ផែនការ​អភិវឌ្ឍន៍​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស្នើសុំ​ដល់​រដ្ឋបាល​ខេត្ត និង​ក្រុមប្រឹក្សា​ខេត្ត រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​ឱ្យ​គង់វង្ស សំដៅ​ធានា​បាន​ការ​រីកចម្រើន​សេដ្ឋកិច្ច​ប្រទេស​ទៅ​អនាគត។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង លើក​ឡើង​ថា រយៈពេល​អាណត្តិ​ទី ៣ នៃ​ក្រុមប្រឹក្សា​ខេត្ត ដឹកនាំ​ដោយ លោក កាយ សំរួម សន្ទុះ​សេដ្ឋកិច្ច​ផែនការ​អភិវឌ្ឍន៍​ទទួល​បាន​ផ្លែផ្កា​ជាច្រើន និង​គួរ​មោទនភាព​ក្នុង​ខេត្ត។

លោកស្រី ជឿជាក់​ថា សម្រាប់​អាណត្តិ​ទី ៤ នៃ​ក្រុមប្រឹក្សា​ខេត្ត នឹង​បន្ត​រួម​សហការ​ពិនិត្យ​រាល់​ផែនការ​អភិវឌ្ឍន៍​លើ​វិស័យ​នានា និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ បន្ថែម​ទៀត ដើម្បី​ភាព​រុងរឿង នៃ​ខេត្ត​កោះកុង ដែល​ជា​ខេត្ត​មាន​សក្ដានុពល​មួយ​ខាង​ផ្នែក​ទេសចរណ៍ ឧស្សាហកម្ម និង​កសិកម្ម។

ដោយឡែក លោក ថុង ណារុង ប្រធាន​ថ្មី​ក្រុមប្រឹក្សា​ខេត្ត​កោះកុង តាំងចិត្ត​ថា នឹង​បន្ត​ពុះពារ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ដោះស្រាយ និង​គាំទ្រ​រាល់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​កាន់តែ​លេចធ្លោ​បន្ត​ទៀត។ រួមគ្នា​បន្ត​ការពារ​សុខ​សន្តិភាព សន្តិសុខ​សណ្ដាប់ធ្នាប់ ព្រមទាំង​ការ​កៀរគរ​អ្នក​វិនិយោគ​មក​បណ្ដាក់ទុន​កាន់តែ​ច្រើន​បម្រើ​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម