ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ប្រកាសទទួលស្គាល់អនុប្រធាន និងសមាជិក ១៥៥នាក់បន្ថែមទៀត
សមាសភាពអនុប្រធាន និងសមាជិក-សមាជិកាគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ចំនួន ១៥៥នាក់បន្ថែមទៀត ត្រូវបានប្រកាសទទួលស្គាល់នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ ការប្រកាសទទួលស្គាល់បន្ថែមទៀតនេះ ធ្វើឡើងនៅសកលវិទ្យាល័យស្វាយរៀង ក្រោមអធិបតីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី ដែលវត្តមានរបស់ឯកឧត្តមក្នុងពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកខ្ពស់ចំពោះសមាជិក សមាជិកាទាំងអស់នៅក្នុងខេត្តស្វាយរៀង។ ឯកឧត្តម ឌី វិជ្ជា បាន គូសបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេលជាង១៤ឆ្នាំ ពោល គឺចាប់តាំងពីបង្កើតឡើងឡើងមក សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង បានខិតខំរៀបចំរចនាសម្ព័ន្ធ កសាងយុវជនបន្តវេន និងកម្លាំងស្នូលដ៏សំខាន់ៗប្រកបដោយមនសិកាក្នុងការតភ្ជាប់ចលនាមហាជន យុវជន សំដៅឱ្យបាននូវកម្លាំងមូលធនមនុស្សដ៏ទូលំទូលាយ ដើម្បីចូលរួមរាល់សកម្មភាពសង្គម និងមនុស្សធម៌ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន។

ជាក់ស្តែង គិតមកដល់ពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានកសាងរចនាសម្ព័ន្ធពីថ្នាក់ខេត្ត វិស័យមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ វិទ្យាល័យ និងថ្នាក់ភូមិ ដែលមានចំនួនសកម្មជនសរុប១១ ៧៧០នាក់ ហើយក៏បានបណ្តុះបណ្តាលដល់យុវជន និងប្រជាពលរដ្ឋជាច្រើន ដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក៏បានសកម្មភាពការងារសង្គម និងមនុស្សធម៌ បង្កើតនូវយុទ្ធនាការពលរដ្ឋល្អ បង្កើតកម្មវិធីមនសិការពលរដ្ឋល្អ និងបានចូលរួមធ្វើសកម្មភាពនានា ដើម្បីលើកស្ទួយវិស័យវប្បធម៌ និងធ្វើសកម្មភាពកីឡាជាច្រើនផ្សេងទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឌី វិជ្ជា។
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងបុព្វហេតុសង្គមប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ រួមចំណែកគាំទ្រដល់ការបម្រើឱ្យកិច្ចការសង្គម និងការអភិវឌ្ឍនានានៅមូលដ្ឋាន ដោយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្ត ក៏បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលការងារផ្សេងៗដែលសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សម្រេចបាននាពេលកន្លងមកផងដែរ។

ដោយឡែក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិញ មុនប្រកាស និងប្រគល់ការទទួលស្គាល់បន្ថែមនូវសមាសភាពអនុប្រធាន និងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងនេះ ឯកឧត្តម បានរំឭកអំពីបុព្វហេតុ និងប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកា គ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនៅប្រវត្តិសាស្រ្តដែលជាមរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព។ ផ្សារភ្ជាប់ជាមួយនឹងការលើកឡើងនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់អំពីសកម្មភាពចម្បងក្នុងនាមយុវជនកម្ពុជា ត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះ គឺប្រជាជាតិ និងប្រជាជន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា «រាល់ការប្រមាថព្រះមហាក្សត្រក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន»។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តស្វាយរៀងទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន៕ ដោយ៖ ភក្ដី





-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៤ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម