ព័ត៌មានជាតិ
ទូតចិន៖ ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជា នឹងរីកចម្រើនខ្លាំងបន្ថែម ហើយជីវភាពពលរដ្ឋកាន់តែប្រសើរ
នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែកក្កដា នេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី ជាមួយទូតចិនប្រចាំកម្ពុជា ចេញផ្សាយលើឆាណែលតេឡេក្រាមសម្ដេចនាយករដ្ឋមន្ត្រី។

តាមសេចក្ដីប្រកាសព័ត៌មាន លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត, លោក Wang Wenbin ក៏បានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បង្ហាញការជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក Wang Wenbin ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានសន្តិភាព សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។

គួរឱ្យដឹងថា លោក Wang Wenbin គឺត្រូវបានរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន ដែលចប់អាណត្តិការងារ។ លោក Wang Wenbin មកដល់កម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ដើម្បីជំនួសការងាររបស់លោក វ៉ាង វិនធាន ដែលចប់អាណត្តិការងារ។ ដាក់ជើងជាន់ដីកម្ពុជា នៅម៉ោងជិត១១យប់ លោក Wang Wenbin ក៏បានថ្លែងសារស្វាគមន៍ភ្លាមៗទៅកាន់អ្នកសារព័ត៌មាន នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ថ្លែងសារស្វាគមន៍រយៈប្រមាណ៥នាទី កាលណោះ លោក Wang Wenbin ឆ្លៀតប្រកាសពីប្ដេជ្ញាចិត្តថា រូបលោកនឹងប្រឹងប្រែងយ៉ាងឥតឈប់ឈរ ដើម្បីឱ្យទំនាក់់ទំនងចិន និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែម និងរុញច្រានឱ្យខ្លាំងការកសាងសហគមន៍ជោគវាសនារួមរវាង ចិន និងកម្ពុជា ដើម្បីផ្ដល់ជាប្រយោជន៍រួម។

ជាការកត់សម្គាល់ ដំណើរមកដល់របស់លោកឯកអគ្គរដ្ឋទូតចិនថ្មី គឺភ្លាមៗ ពោលគឺមិនដល់១ខែផង បន្ទាប់ពីលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិន ចាកចេញពីកម្ពុជា។
គិតមកទល់ថ្ងៃទី២២ ខែកក្កដា នេះ លោក Wang Wenbin មានវត្តមានលើទឹកដីកម្ពុជា បានរយៈពេលជាង ២សប្ដាហ៍ហើយ។ ជាង២សប្ដាហ៍មកនេះ លោកទូតចិន បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ដើម្បីថ្វាយសារតាំងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់មកនៅថ្ងៃទី១៨ ខែកក្កដា លោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា លោក Wang Wenbin បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពី ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា