ព័ត៌មានជាតិ
សមាជិក ប.ស.ស បាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ដោយហានិភ័យការងារ នឹងទទួលបានសេវាស្ដារនីតិសម្បទា
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានអះអាងថា ប្រសិនបើសមាជិក ប.ស.ស. ណាម្នាក់ បានបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ដោយហានិភ័យការងារ នឹងទទួលបានសេវាស្ដារនីតិសម្បទាពី ប.ស.ស រួមមានការផ្តល់សេវាវេជ្ជសាស្ត្រ ឬសេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គមផងដែរ។

បើតាម ប.ស.ស. សេវាស្ដារនីតិសម្បទា គឺជាការផ្តល់សេវាវេជ្ជសាស្ត្រ ឬសេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គម បន្ទាប់ពីសមាជិក ប.ស.ស. ទទួលបានសេវាព្យាបាល និងថែទាំសុខភាពដែលទទួលរងដោយហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ។
ប.ស.ស បានពន្យល់ថា សេវាវេជ្ជសាស្ត្រ ៖ សំដៅដល់ការផ្តល់ការជួសជុល ឬការផ្តល់ជាថ្មីនូវអវយវៈសិប្បនិម្មិត ឧបករណ៍រណប ឬឧបករណ៍ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងសេវាវេជ្ជសាស្ត្រដទៃទៀត។ ចំណែកការបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ៖ សំដៅដល់ការតម្រង់ទិសវិជ្ជាជីវៈ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីមានឱកាសទទួលបានការងារជាថ្មី ឬប្រកបមុខរបរផ្ទាល់ខ្លួន។ ប.ស.ស. អាចជួយសម្របសម្រួលរកការងារឱ្យធ្វើស្របតាមលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង។ រីឯសេវាសង្គម ៖ ទទួលបាននូវការប្រឹក្សា ការតម្រង់ទិស ការអប់រំចិត្តសាស្ត្រ ក្នុងគោលបំណងជួយឱ្យមានការសម្របខ្លួនទៅនឹងតម្រូវការគ្រួសារ និងសហគមន៍ ដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប.ស.ស ផ្នែកថែទាំសុខភាពមានសមាជិកចំនួនសរុប ២ ២២៩ ៥២២ នាក់ (ស្រី ១ ២៥១២៣៨ នាក់) ក្នុងនោះមានកម្មករ-និយោជិតចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣៧ ៤០៧ នាក់ (ស្រី ១៤៨ ៩៥៥ នាក់) បុគ្គលស្វ័យនិយោជន៍មានចំនួន ១៧០ ២៥៤ នាក់ (ស្រី ១០៦ ០៦២ នាក់) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៥៦ ៦២០ នាក់ (ស្រី ៣២ ៣៩៥ នាក់)។ ចំណែក ប.ស.ស ផ្នែកប្រាក់សោធន មានរោងចក្រសហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករ-និយោជិតសកម្មចំនួន ១៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) និងបានចុះបញ្ជីកាកម្មករ-និយោជិតដោយស្ម័គ្រចិត្តបានចំនួន ៤ ៩៧១ នាក់។ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ មានរោងចក្រ សហគ្រាសបន្ថែមជាកាតព្វកិច្ច ចំនួន ៣ ០១៣ បានចុះបញ្ជីកាសមាជិក ប.ស.ស សម្រាប់កម្មករ-និយោជិតចំនួន ១២៩ ៥៦៨ នាក់ (ស្រី ៦១ ៣៨៩ នាក់) និងបានចុះបញ្ជីកាកម្មករ-និយោជិតដោយស្ម័គ្រចិត្ត បានចំនួន ៩៤១ នាក់ (ស្រី ៤៥៤ នាក់)។ រីឯ ប.ស.ស ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួន ១ ៨១១ ៥២៧ នាក់ (ស្រី ១ ០៨៣ ៥២១ នាក់) ក្នុងនោះកម្មករ-និយោជិត ចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការសាធារណៈ ២៤៦ ២៨៦ នាក់ (ស្រី ១១៩ ៦៩៥ នាក់)៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


