Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺMpox

បានផុស

នៅ

ក្រសួងសុខាភិបាល រៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ ក៏មានការចូលរួមពី តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនបារាំង និងសហការី តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) ព្រមទាំងក្រុមការងារចត្តាទ្បីស័ក ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធទាំងអស់។

ក្រសួងបានបញ្ជាក់ថា គោលបំណងនៃការរៀបចំទីតាំងផ្នែកចត្តាឡីស័កនេះ ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។ ជាមួយគ្នានេះ ក្រុមការងារបានបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំតំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox)។

ចំពោះការចុះត្រួតពិនិត្យនាពេលនេះ គឺដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នក ដំណើរទាំងអស់។ ព្រមទាំង ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។

ដោយឡែក បើតាមក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា មេរោគបង្កជំងឺ mpox កំពុងបំប្លែងខ្លួនលឿនជាងការរំពឹងទុកនិងគួរឱ្យបារម្ភ ហើយជំងឺនេះរីករាលដាលខ្លាំងនៅក្នុងតំបន់ដែលអ្នកជំនាញខ្វះថវិកា និងឧបករណ៍ដើម្បីតាមដាន។

(រូបថត៖ NDTV)

សូមបញ្ជាក់ថា រោគសញ្ញាជំងឺ Mpox បណ្តាលឱ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ ចំណែក រោគសញ្ញាផ្សេងទៀតមានដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម