ព័ត៌មានជាតិ
បើគ្មានការប្រែប្រួល ថ្ងៃ ០១ កញ្ញា កម្ពុជានឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival កាត់បន្ថយភាពស្មុគស្មាញតាមព្រលាន
នៅថ្ងៃ ០១ កញ្ញានេះ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅច្រកអាកាសយាដ្ឋានទាំង ៣ នៅកម្ពុជា ដើម្បីសម្រួលនិងកាត់បន្ថយភាពស្មុគស្មាញសម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។
ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នឹងសម្រួលឲ្យកាន់តែមានភាពសមញ្ញ និងកាត់បន្ថយពេលវេលាសម្រាប់ការបំពេញបែបបទចូល-ចេញប្រទេស ហើយក៏ឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត។

បើតាមមន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រព័ន្ធនេះអាចធានាបានថាអ្នកដំណើរអាចឆ្លងកាត់បានឆាប់រហ័សតាមអាកាសយានដ្ឋានទាំង ៣ របស់ប្រទេសកម្ពុជា ដោយគ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival ដែលរួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍រួមមាន ពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។
ជាមួយការដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival ក៏នឹងផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ។
ក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង ៣ នៅថ្ងៃ ០១ កញ្ញា ឆ្នាំ២០២៤ មុននឹងបន្តអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ពីដំណើរការរៀបចំប្រព័ន្ធ Cambodia e-Arrival នៅអាកាសយានដ្ឋាននៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលជូនអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែមួយពោលទាំងការស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាលជាដើម។
សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ការសម្រួលបដិសណ្ឋារកិច្ចសំខាន់ណាស់ ជះឥទ្ធិពលដល់កម្ពុជា។ ការផ្សព្វផ្សាយប៉ះពាល់កម្ពុជា ដែលពេលខ្លះក៏ពាក់ព័ន្ធទៅបញ្ហាបដិសណ្ឋារកិច្ច»។
កន្លងទៅការស្នើសុំវីសារប្រទេសកម្ពុជាមានពីរវិធី ទីមួយគឺស្នើសុំតាមស្ថានទូត តាមអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស។ ទីពីរគឺ visa on arrival នៅពេលដែលអ្នកដំណើរចុះនៅព្រលាន ត្រូវបំពេញបែបបទនិងតម្រង់ជួរបង់លុយ ហើយការបំពេញទម្រង់បែបបទមាន ៣ ទម្រង់ មានខាងអន្តោប្រវេសន្ត គយ និងសុខាភិបាល។
ជាមួយការសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធថ្មីនេះ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែអថា «ឥលូវយើងបានឯកភាព និងរៀបចំជាប្រព័ន្ធអេឡិចត្រូនិកតែមួយ ដែលអ្នកដំណើរមិនបាច់បំពេញបែបបទលើក្រដាសស្មុគស្មាញទៀតទេ ហើយនីតីវិធីថ្មីនេះក៏អាចបង់លុយតាមអនឡាញបានថែមទៀត»៕
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


