ព័ត៌មានជាតិ
CDC កំពុងរៀបចំប្រព័ន្ធ cdcIPM សម្រួលដោះស្រាយការកកស្ទះឯកសារគម្រោងវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដែលមានចរិកលក្ខណៈជាយន្តការច្រកចេញចូលតែមួយ ដើម្បីសម្របសម្រួលសំដៅដោះស្រាយនូវបញ្ហាប្រឈមរបស់វិនិយោគិន។
ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់នៅព្រឹកនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តិ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញអំពីដំណើរការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន ជាមួយបណ្តាញសារព័ត៌មានធំៗរបស់ជប៉ុន និងសារព័ត៌មានកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជាហៅកាត់ថា ប្រព័ន្ធ cdcIPM មានចរិកលក្ខណៈជាយន្តការច្រកចេញចូលតែមួយ ជួយសម្របសម្រួលដល់អន្តរក្រសួង-ស្ថាប័នពេញលេញ តាមរយៈការធ្វើសន្ធានកម្មចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវបញ្ហាប្រឈមរបស់វិនិយោគិនដោយប្តូរពីការផ្តល់ព័ត៌មាននិងឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែបបទតែមួយលើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគស្មាញ បង្កើនទំនុកចិត្តជូនវិនិយោគិនដែលកំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់ពេលវេលាតាមប្រព័ន្ធអនឡាញ។
លោកអះអាងថា ប្រព័ន្ធ cdcIPM ជាសមិទ្ធផលបច្ចេកវិទ្យាឌីជីថលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលនៃអាណត្តិទី ៧ ដែលត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។


រយៈពេល ១២ ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣៩១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧,៥ ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតការងារបានចំនួនប្រមាណ ៣៤១ ពាន់កន្លែង បើធៀបនឹងរយៈពេល ១២ ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគមានការកើនឡើង ១៦៨ គម្រោង ស្មើនឹងប្រមាណ ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង ៤,៦៧២ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%។
ក្នុងសន្និសីទសារព័ត៌មាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់លើបរិយាកាសវិនិយោគនៅកម្ពុជា និងការបំពេញបេសកកម្មគោះទ្វារវិនិយោគពីបរទេសផងដែរ។
ថ្លែងពាក់ព័ន្ធដំណើរការរោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) នៅខេត្តពោធិ៍សាត់ លោករដ្ឋមន្រ្តីបានលើកពីដំណើរការរោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកថា ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញរបស់ខេត្តនេះ។


ខណៈដែលខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិលេខ ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាមរយៈច្រកប៉ោយប៉ែត ឬខេត្តកោះកុង លោក ស៊ុន ចាន់ថុល បានអះអាងថា ការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។ បើតាមលោកឧបនាយករដ្ឋមន្រ្តី ការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុន ដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏សម្តែងការអបអរសាទរជូនដល់ក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


