ព័ត៌មានជាតិ
អង្គភាពជំនាញ ប្រាប់ពលរដ្ឋរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បើគ្រប់អាយុ១៥ឆ្នាំ ឬផុតសុពលភាព
ពលរដ្ឋមានអាយុ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមទាំងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព រួសរាន់ទៅបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណ។ នេះជាសេចក្ដីជូនព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ ដើម្បីប្រើប្រាស់ក្នុងការស្នើសុំសេវា ទទួលបាននូវសិទ្ធិ និងផលប្រយោជន៍នានា តាមការកំណត់នៃច្បាប់។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង។ បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កន្លងមក មានប្រជាពលរដ្ឋខ្មែរជិត១៣លាននាក់ បានបំពេញបែបបទ និងទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ប្រើប្រាស់រួចទៅហើយ ប៉ុន្តែក្នុងចំណោមនោះ ក៏មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនបានផុតសុពលភាពជាបន្តបន្ទាប់។

ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជូនព័ត៌មានដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ អញ្ជើញទៅបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណ។ ទីតាំងដែលពលរដ្ឋអាចទៅស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណបាន រួមមាន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៅអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្ទាល់ ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ និងនៅស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ។
ឯកសារដែលតម្រូវឱ្យប្រជាពលរដ្ឋភ្ជាប់ក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺចំពោះពលរដ្ឋមានអាយុ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារភ្ជាប់ចំនួន២ មានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។ សម្រាប់ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ បើក្នុងករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅនៃលំនៅឋានថ្មី។

តែបើក្នុងករណីមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរអាសយដ្ឋានលើសន្លឹកអត្តសញ្ញាណប័ណ្ណ មន្ត្រីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេង ទៀតឡើយ លើកលែងតែករណីសង្ស័យថា ជននោះជាជនបរទេសដែលកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


