ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ណែនាំចំណុះទូកមកពីខេត្តក្រចេះត្រូវមានសេចក្តីថ្លៃថ្នូរ ក្រមសីលធម៍ ក្នុងការប្រកួតថ្នាក់ជាតិ
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ដែលត្រូវប្រណាំងនៅភ្នំពេញ ត្រូវប្រកាន់ភ្ជាប់នូវកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៍ គោរពវិន័យឱ្យបានល្អ ត្រូវអនុវត្តតាមបទបញ្ជានៃការប្រណាំងទូកឱ្យបានរឹងមាំ បញ្ចៀសរាល់បាតុភាពអសកម្ម ដើម្បីភាពសប្បាយរីករាយ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ណែនាំដូច្នេះ ក្នុងពេលជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងចំណុះទូកចំនួន ៩៧៤នាក់ សរុបទូក ង ចំនួន ២០ មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាខាងមុខអគារទីស្តីការក្រសួងព័ត៌មាន ។
លោក នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ហើយត្រូវបន្តហ្វឺកហាត់ឱ្យបានខ្លាំងបន្ថែមទៀត ពិសេសត្រូវតែគោរពវិន័យ សេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករ ហើយរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតយកជ័យជំនះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ពិធីចែកអំណោយដល់កីឡាករប្រណាំងទូកមកពីខេត្តក្រចេះនាឱកាសនេះក៏មានការអញ្ជើញចូលរួមពី លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, លោក សរ ចំរ៉ុង , លោក អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រខេត្តក្រចេះ ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រុមការងារគណបក្ស ក៏ដូចជាអ្នកតំណាងរាស្ត្រ និងគណៈអភិបាលខេត្តក្រចេះ បានរួមកំលាំងគ្នានាឱកាសពេលនេះ ដើម្បីធ្វើការគាំទ្រដល់ក្រុមកីឡាករប្រណាំងទូកមកពីខេត្តក្រចេះទាំងអស់ អាច មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រណាំងជាមួយកីឡាករអុំទូក មកពីបណ្តាខេត្តផ្សេងៗទៀតដើម្បីធ្វើការប្រកួតប្រណាំងឱ្យទទួល បានលទ្ធផលល្អ ហើយក៏ត្រូវធ្វើយ៉ាងណាចូលបង្ករបរិយាកាសសប្បាយរីករាយ រក្សាបាន នូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនៃពិធីប្រណាំងទូកដែលមានតាំងពីយូរយារណាស់ហើយ។

តាមការបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងទូកខេត្តក្រចេះបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ទូក ង ក្នុងខេត្តក្រចេះ សរុបចំនួន ២០ទូក បានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក រួមមាន៖ ទូកគូរ ពិសេសមានចំនួន ៥ទូក និងទូកខ្នាតអន្តរជាតិចំនួន ១៥ទូក មានកីឡាករសរុបចំនួន ៧០៦នាក់ កីឡាករបំរុងចំនួន ២៦៨នាក់ សរុបកីឡាករទាំងអស់ចំនួន ៩៧៤នាក់។ ក្នុងនោះស្រុកសំបូរចំនួន ២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិចំនួន ១ទូក។ ស្រុកឆ្លូងចំនួន ៤ទូក ទូកគូរពិសេសចំនួន ២ទូក និងទូកខ្នាតអន្តរជាតិចំនួន ២ទូក។ ក្រុងក្រចេះចំនួន ២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិចំនួន ១ទូក។ ស្រុកព្រែកប្រសព្វចំនួន ១២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ១១ទូក។
ជាការគាំទ្រ និងលើកទឹកចិត្តដល់គណៈកម្មការទូក និងកីឡាករទូក លោក វ៉ា ថន អភិបាល នៃអភិបាលខេត្តក្រចេះ បានឧបត្ថម្ភដល់ទូក ង ទាំង ២០ទូក ក្នុងនោះទូកគូរពិសេសចំនួន ៥ទូក ក្នុង ១ទូកៗ ទទួលបាន ថវិកាចំនួន ៨.០០០.០០០ រៀល និងភេសជ្ជៈ ចំនួន ១៨កេស, ទូកខ្នាតអន្តរជាតិចំនួន ១៥ទូក ក្នុង ១ទូកៗ ថវិកាចំនួន ៤.០០០.០០០រៀល និងភេសជ្ជៈចំនួន ៨កេស សរុបជារួមថវិកាចំនួន ១០០.០០០.០០០ រៀល និងភេសជ្ជៈចំនួន ២១០ កេស។

សម្រាប់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់ជូននូវ ឯកសណ្ឋានចំនួន ៣ ៥០០ កំប្លេ ដល់កីឡាករប្រណាំងទូកទាំងអស់ ដោយក្នុងម្នាក់ទទួលបាន មួក ខោ អាវ ៣ កំប្លេ បី ព័ណ៍សម្រាប់ពាក់ ប្រណាំង ៣ថ្ងៃ ។ ជាមួយនេះបានផ្តល់នូវថវិកាសរុបសទាំង ២០ទូក ចំនួន ៥៤លានរៀល អង្ករ ៧ ៥០០គីឡូ , មីជាតិ ២២៥កេស, ទឹកសុទ្ធ ៤៥០កេស, ភេសជ្ជៈ ៥៥៥កេស , ប៊ីចេង ១០០គីឡូ, ខ្ទឹម ១០០គីឡូ , ទឹកត្រី ៤០យួរ , ទឹកសុីអុីវ ៤០យួរ, ស្ករ ១០០គីឡូ , អំបិល ២០០គីឡូ, ម្រេច ២០គីឡូ ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចូលរួមឧបត្តម្ភបន្ថែមដល់ ទូក ង ទាំងពីរមកពីស្រុកសំបូរ ខេត្តក្រចេះ ក្នុង១ ទូកទទួលបានអង្ករ , ទឹកត្រី ទឹក ស៊ីអ៊ីវ , មី, ស្ករស , អំបិល , រ៉ូឌី , ភេសជ្ជ និងថវិកា ១លានរៀល ។
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្តល់នូវនិងក្រម៉ាចំនូន ៣០០ និងថវិកា ២លារៀល ដល់កីឡាករចំណុះទូកចំនួនពីរមកពី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ៕






-
សន្តិសុខសង្គម១៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល