ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ជុំរុញមន្ទីរ អង្គភាពក្រុង/ស្រុក ផ្តល់ឱកាសការងារដល់ជនមានពិការភាពដោយគ្មានការរើសអើង
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានជុំរុញមន្ទីរ អង្គភាពក្រុង ស្រុក ឃុំ សង្កាត់ ឱ្យលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើការងារដោយគ្មានការរើសអើង។

ការជំរុញនេះ ធ្វើឡើងនាឱកាស លោកអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែង ក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការផងដែរ។

បន្ថែមពីនេះ លោកបានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណសម្គាល់ជនមាន ពិការភាព ឱ្យបានគ្រប់ៗគ្នា និងណែនាំឱ្យជនមានពិការភាពដែលមានបានបណ្ណសម្គាល់ស្ថិតក្នុង គ្រួសារមានបណ្ណសមធម៌ ទៅចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាម ជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណកម្ម សរុបចំនួន ១៧,៣៦១នាក់។ ក្នុងនោះ ជនមានពិការភាពទទួលបានបណ្ណសម្គាល់ សរុបចំនួន ១២,៩០៧នាក់ និងជនមានពិការភាពស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ ចំនួន ៤,៦៤៦នាក់ ក្នុងនោះជនមានពិការភាព ចំនួន ១,៧៩៥នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕


-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


