ព័ត៌មានជាតិ
លោក ហុក សុទ្ធិ អំពាវនាវឱ្យអ្នកមានលទ្ធភាពចូលរួមពិព័រណ៍សៀវភៅ និងទិញសៀវភៅឱ្យបានច្រើន
លោក ហុក សុទ្ធិ នាយកស៊ីប៉ា និងជាគណកម្មការរៀបចំការពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ លើកឡើងថា មនុស្សមានការចូលរួមពិព័រណ៍សៀវភៅច្រើន ប៉ុន្តែ ចំនួននៃការទិញសៀវភៅនៅមានតិច ព្រោះអ្នកចូលរួមភាគច្រើនជាយុវជន សិស្ស និស្សិត។ ហេតុនេះ លោកសំណូមពរឱ្យអ្នកដែលមានលទ្ធភាព ដែលមានការងារមាំទាំ ចូលរួមពិព័រណ៍ និងជួយទិញសៀវភៅឱ្យបានច្រើន ដើម្បីជំរុញការអាននៅកម្ពុជា។

ការលើកឡើងរបស់ លោក ហុក សុទ្ធិ ធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានស្តីពីការពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត”។ ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងមានលក្ខណៈប្លែកជាងឆ្នាំមុន និងធំជាងឆ្នាំមុន ដោយមានស្តង់ចូលរួមពិព័រណ៍សៀវភៅ និងអាហារ ២៩២ស្តង់ ខណៈឆ្នាំមុនមានស្តង់ចូលរួមមិនដល់២០០ស្តង់នោះទេ។ ឆ្នាំ២០២៤នេះ គណកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ក៏សង្ឃឹមថា នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុនទៀត ហើយក៏នឹងរៀបចំការដាក់ប្រព័ន្ធរាប់អ្នកចូលរួមឱ្យបានល្អប្រសើរជាងមុនទៀត។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នឹងរៀបចំរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ។

ទន្ទឹមនឹងការគាំទ្រចូលរួមច្រើនពីមហាជន លោក ហុក សុទ្ធិ ក៏មានក្តីកង្វល់ថា ទោះបីការចូលរួមទស្សនាពិព័រណ៍មានច្រើនក៏ពិតមែន ប៉ុន្តែ ចំនួនអ្នកដែលទិញសៀវភៅនៅមិនទាន់បានច្រើននៅឡើយទេ ព្រោះអ្នកចូលរួមភាគច្រើនជាយុវជន សិស្ស និសិ្សត ដែលពួកគេខ្លះនៅចាយវាយប្រាក់របស់ម្តាយឪពុក ឬសន្សំលុយខ្លួនឯងរយៈពេលយូរទម្រាំអាចមានលទ្ធភាពទិញសៀវភៅដែលខ្លួនចង់អាន និងចាប់អារម្មណ៍។ ដូច្នេះ លោក បានអំពាវនាវដល់អ្នកដែលមានលទ្ធភាព ពោល គឺអ្នកដែលស្ថិតក្នុងវណ្ណៈកណ្តាល អាយុ៤០ឆ្នាំឡើងទៅ ដែលមានការងារមាំទាំ មានជីវភាពគ្រាន់បើ ដូចជា អ្នកនយោបាយ អ្នកធ្វើការរដ្ឋ ឯកជន គួរឆ្លៀតពេលដើម្បីចូលរួមពិព័រណ៍សៀវភៅឱ្យបានកុះករ និងទិញសៀវភៅឱ្យបានច្រើនសម្រាប់ខ្លួន គ្រួសារ កូន និងសហគមន៍របស់គាត់ ដើម្បីជំរុញការអាននៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោក ហុក សុទ្ធិ និយាយថា៖ “ឧទាហរណ៍ថាពួកគាត់មិនជាអ្នកចូលចិត្តអានខ្លាំងនៅផ្ទះ ក៏គាត់មានលទ្ធភាពគួរតែជួយទិញសម្រាប់កូនចៅគាត់ សម្រាប់គ្រួសារគាត់ សម្រាប់សហគមន៍គាត់ សម្រាប់ភូមិ ឃុំ របស់គាត់ដើម្បីជួយដល់អ្នកដែលត្រូវការ”។

ចំពោះ ប្រភពថវិកាដើម្បីរៀបចំពិព័រណ៍សៀវភៅនេះ លោក សុខ ឬទ្ធី តំណាងគណៈកម្មការរៀបចំការពិព័រណ៍សៀវភៅបានបញ្ជាក់ថា មានប្រភពចំនួន៤ ទី១គឺថវិការបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទី២ ថវិកា ពីអ្នកឧបត្ថម្ភធំៗ, ទី៣ បានមកពីអ្នកចូលរួមជួយសហការរៀបចំ និងទី៤ ដែលប្រភពធំដែរ គឺបានថវិកាមកពីការជួលស្តង់ឱ្យអ្នកដែលដាក់សៀវភៅលក់នេះឯង និងយកមកចាត់ចែងក្នុងកម្មវិធីនានានៃពិព័រណ៍សៀវភៅ។

ជុំវិញថវិកានៃការរៀបចំពិព័រណ៍នេះ លោក ហុក សុទ្ធិ ក៏បានបន្ថែមដែលថា ថវិកាដែលរៀបចំពិព័រណ៍ឆ្នាំមុន គឺបានសល់បន្តិចបន្តួចពីការរៀបចំ ដែលអាចឱ្យគណកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ពង្រឹងលើវិស័យពិព័រណ៍សៀវភៅ ដោយបញ្ជូនក្រុមគណកម្មការស្ម័គ្រចិត្តមួយចំនួនទៅទស្សនាពិព័រណ៍សៀវភីនៅប្រទេសថៃ ដើម្បីរៀបសូត្រ និងយកបទពិសោធថ្មីៗមកពិព័រណ៍នៅកម្ពុជា។ យ៉ាងណាមិញ គិតចាប់ពីពិព័រណ៍មុនៗរហូតមកដល់បច្ចុប្បន្ន លោកបានវាយតម្លៃខ្ពស់ ចំពោះការពិព័រណ៍សៀវភៅនេះ ដោយទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


