ព័ត៌មានជាតិ
ក្រោយឃាត់ខ្លួនបញ្ជូនទៅតុលាការ អ្នកបំពានបម្រាមផ្សាយល្បែងអនឡាញ៤នាក់ ត្រូវនាំទៅឃុំនៅពន្ធនាគារ
ក្រោយឃាត់ខ្លួនបញ្ជូនទៅតុលាការ អ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ៤នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ គឺបន្ទាប់ពីត្រូវបានរកឃើញថា អ្នកទាំង៤ បានបន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា។

បើតាមការឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃ: គឺយ៉ាងហោចណាស់មានមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការល្មើសបម្រាមផ្សាយល្បែងអនឡាញ។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។

សម្រាប់អ្នកបំពាន៤នាក់ដំបូង ដែលសមត្ថកិច្ចឃាត់ខ្លួន និងបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារនោះ លោកបណ្ឌិត ទូច សុឃ: បានឱ្យដឹងថា ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់។
តាមការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺគិតចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ ដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះគួរឱ្យកត់សម្គាល់ ដោយម្យ៉ាងពួកគេមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាចរអានឹងចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្លាំងមានសមត្ថកិច្ច៕


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?