ព័ត៌មានជាតិ
ចូលជួបសម្ដេចតេជោ, ទូតថ្មីវៀតណាម អរគុណកម្ពុជាដែលជួយគាំទ្រដល់វិនិយោគិនវៀតណាម
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, លោកឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម លោក ង្វៀន មីញវូ អរគុណរដ្ឋាភិបាលកម្ពុជាដែលបានជួយគាំទ្រដល់សកម្មភាពវិនិយោគ និងការរកស៊ីរបស់វៀតណាមនៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងបានប្រកាសបន្តជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ ការលើកឡើងដូច្នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទើបតែងតាំងថ្មីចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ហើយសម្តេច បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងដល់ការរំដោះកម្ពុជា និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយការរីកចំរើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោអំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា ដោយនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា និងបន្តកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន។ បន្ថែមពីនេះ លោកទូត ក៏ផ្ដោតទៅលើការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជនរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។

ក្នុងបេសកកម្មនៅកម្ពុជានេះ សម្តេចតេជោ បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលលោកឯកអគ្គរដ្ឋទូត បានដាក់ចេញ និងការប្ដេជ្ញានាពេលនេះ។ សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ ក៏បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


