ព័ត៌មានជាតិ
ប្រមុខការពារជាតិវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងថៃ
ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសមាគមអតីតយុទ្ធជនកម្ពុជា ជាមួយនឹងភាគីអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ដែលស្ថាប័នទាំងពីរនេះ មានគោលបំណងដូចគ្នា គឺការមើលថែរក្សាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន។

ការវាយតម្លៃរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបនាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) ប្រធានអង្គការអតីតយុទ្ធជនសង្គ្រាមថៃ និងសហការី ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់ប្រតិភូអង្គការអតីតយុវជនសង្គ្រាមថៃ នៅកម្ពុជានាពេលនេះ ដោយបានជួបពិភាក្សាការងាររវាងអង្គការអតីតយុវជនសង្គ្រាមថៃ ជាមួយនឹងនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា នេះគឺជាការពង្រឹងពង្រីកបន្ថែមទៀតនូវការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងសមាគមអតីតយុទ្ធជនទាំងពីរ ពិសេសនៅលើវិស័យការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា និងថៃ។

នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (DETNITIT LUANGNGAMKUM) ប្រធានអង្គការអង្គការអតីតយុវជនសង្គ្រាមថៃ បានជម្រាបជូននាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ថា កន្លងមកលោកធ្លាប់បានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធជាមួយនឹងសមាគមអតីតយុទ្ធជនកម្ពុជា ហ្វីលីពីន វៀតណាម ហើយក៏បានជួបពិភាក្សាជាមួយនឹងនាយឧត្តមសេនីយ៍ គន់ គីម ផងដែរ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសថៃ។ គោលបំណងរបស់សមាគមអតីតយុទ្ធជនកម្ពុជា និងអង្គការអតីតយុទ្ធជនសង្គ្រាមថៃ មានគោលបំណងដូចគ្នា គឺការមើលថែរក្សាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលបានបាត់បង់ប្ដី ប្រពន្ធ ឬកូនជាទីស្រឡាញ់របស់ពួកគាត់។
នាយឧត្តមសនីយ៍ ដេតនិធិត លឿងងាមខាំ បានបន្តថា អង្គការអតីតយុវជនសង្គ្រាមថៃ មាន ៦ចំណុច គឺការមើលថែរក្សាអតីតយុទ្ធជនដូចជា អតីតយុទ្ធជនមានអាយុ៩០ឆ្នាំ ថែរក្សាមើលគាត់ឲ្យបានល្អមានមន្ទីរពេទ្យសម្រាប់ព្យាបាល និងមានកន្លែងធ្វើជើងសិប្បនិម្មិត។ លោក បានបញ្ជាក់ថា ឆ្នាំនេះអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ក៏បានគោរពអញ្ជើញអតីតយុទ្ធជនកម្ពុជា និងគ្រួសារអតីតយុទ្ធជន ដែលពិការជើងប្រមាណ៥០នាក់ ទៅប្រទេសថៃ ដើម្បីធ្វើជើងសិប្បនិម្មិតជូនដល់ពួកគាត់ ដែលកម្មវិធីនេះនឹងរៀបចំធ្វើឡើងនៅខេត្ត បូរីរាំ ប្រទេសថៃ នាខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា កន្លងមកនេះអតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ផងដែរពីសំណាក់ថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់ដីសម្បទានសង្គមកិច្ច ផ្ទះសម្បែង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ដែលតែងតែយកចិត្តទុកដាក់ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ទាំងនៅក្នុងវេទិកាអន្តរជាតិ និងទ្វេភាគី ដែលនេះបានបង្ហាញឲ្យឃើញថាជាមិត្តភក្តិដ៏ល្អ និងជាប្រទេសជាប់ភូមិផងរបងជាមួយនឹងគ្នា៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


