ព័ត៌មានជាតិ
ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី
«វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើងដូច្នេះដែរ»។ នេះជាសារអំពាវនាវរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានទាញចេញពីករណីមួយកំពុងផ្ទុះការរិះគន់ពីសំណាក់មហាជន ដោយពិធីករប្រដាល់ម្នាក់និយាយលែបខាយប្រើពាក្យសម្ដីមើលងាយទៅលើនារីជាតារាសម្ដែងមួយរូប ជាសាធារណៈនៅលើវេទិកាប្រដាល់។ ទង្វើនេះ លោក ស សុខា ថា បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នារីរូបនោះ និងស្រ្តីផ្សេងទៀត។

ទាញចេញពីករណីនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា៖ «មិនថា បុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ»។

លើកឡើងតាមសំណេរលើទំព័រហ្វេសប៊ុក លោក ស សុខា បានរៀបរាប់ថា ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ គឺម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ លោក បានបន្តថា សម្រាប់កម្ពុជាមានច្បាប់ និងបវេណីដូនតាដ៏ល្អដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ។ ដូច្នេះទង្វើទាំងឡាយណា ដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។

«ខ្មែរយើងថ្លៃថ្នូរណាស់ ខ្មែរយើងជាពូជអំបូរដែលគោរព និងផ្ដល់តម្លៃដល់ស្រ្តីរាប់រយពាន់ឆ្នាំមកហើយ! មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ គឺមេដែលសំដៅដល់មាតា គឺមេសំដៅដល់ស្រ្តីដែលបង្កើតបានកូនជំនាន់ក្រោយតៗគ្នារបស់មនុស្ស»។ នេះជាការបន្ថែមរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា។
ក្នុងន័យនេះ លោកប្រមុខក្រសួងមហាផ្ទៃ សង្ឃឹមថា បុរសៗនឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គមជាមួយបុរស។

គួរជម្រាបថា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញមកអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវទង្វើ ឬការប្រើប្រាស់ពាក្យសម្ដីអសីលធម៌ ដោយខ្វះការគោរពចំពោះតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីផងដែរ។ សម្ដេចធិបតី សង្កត់ធ្ងន់ថា បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ក៏ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាកាតព្វកិច្ចសីលធម៌របស់ទាំងអស់គ្នា និងដែលត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


