Connect with us

ព័ត៌មានជាតិ

ឆ្នាំសិក្សា ២០២៤-២០២៥ អត្រាពិត នៃការសិក្សារបស់សិស្ស-និស្សិតគ្រប់កម្រិត នៅកម្ពុជា មានការកើនឡើង

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ អត្រា​ពិត នៃ​ការ​សិក្សា​របស់​សិស្ស-និស្សិត​គ្រប់​កម្រិត​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុងនោះ​នៅ​កម្រិត​បឋមសិក្សា​មាន​អត្រា​ខ្ពស់​ជាងគេ​មាន​រហូតដល់​ជិត ១០០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ​ឆ្នាំ​សិក្សា ២០២៣-២០២៤​ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ កាលពីពេល​ថ្មីៗ ​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​សិក្សា ២០២៤- ២០២៥ ចំនួន​សាលារៀន​នៅ​ទូទាំងប្រទេស​សរុប ១៩.៥៩១ ក្នុងនោះ សាលារៀន​សាធារណៈ​មាន ១៣.៩៤៨ សាលា សាលារៀន​ឯកជន ២.២៩៥ សាលា និង​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ៣.៣៤៨ កន្លែង។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទូទាំងប្រទេស​មាន ១៩៤ កន្លែង ក្នុង​នោះ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ៧៩ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ១១៥ ដោយមាន​សិស្ស និង​និស្សិត​សរុប ៤.១៧១.៩៦២ នាក់។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុងនោះ កុមារ​តូច​ទទួលបាន​សេវា​អប់រំ​គ្រប់​រូបភាព ៤២៥.៥៣៩ នាក់ ស្រី ៤៩.៨% និង​អត្រា​ចូលរៀន​កុមារ​អាយុ ៥ ឆ្នាំ កើន​ឡើង​ពី ៦៥.៤% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ ចំណែក​សិស្ស​បឋមសិក្សា​សរុប ២.២៦១.២១៦ នាក់ ស្រី ៤៨% និង​អត្រា​ពិត នៃ​ការ​សិក្សា​កើន​ឡើង​ពី ៩៩.៦% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ សិស្ស​មធ្យមសិក្សា​បឋម​ភូមិ​សរុប ៧១២.២៩៨ នាក់ ស្រី ៥២.១% និង​អត្រា​រួម នៃ​ការសិក្សា​កើនឡើង​ពី ៦៥.៥% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៧៥.២% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​សរុប ៤៥៦.៨០៤ នាក់ ស្រី ៥៥.៦% និង​អត្រា​រួម នៃ​ការសិក្សា​កើនឡើង​ពី ៣៩.៣% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៤៤.៣% ឆ្នាំ​សិក្សា ២០២៤-២០២៥ ក្នុង​នោះ​សិស្ស​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស ៣.៨៤០ នាក់ ស្រី ៣៣.៦%។ និស្សិត​ឧ​ត្ត​ម​សិក្សា​សរុប ៣១៦.១០៥ នាក់ ស្រី ៥២.៥% និង​អត្រា​រួម នៃ​ការ​សិក្សា (​អាយុ ១៨-២២ ឆ្នាំ​) កើន​ឡើង​ពី ១៧.៩% នៅ​ឆ្នាំ​សិក្សា ២០២២-២០២៣ ដល់ ១៩.០៨% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថា រីឯ​អ្នក​សិក្សា​ដែល​បានទទួល​ការអប់រំ​ក្រៅ​ប្រព័ន្ធ​តាម​គ្រប់​កម្មវិធី​សរុប ៥០.០៥៣ នាក់ ស្រី ៥២.៤% ក្នុង​នោះ អ្នក​ចូលរៀន​កម្មវិធី​អក្ខរកម្ម​អប់រំ​ក្រៅ​ប្រព័ន្ធ ១៧.៥៧៥ នាក់ ស្រី ៦២.៣% អ្នកសិក្សា​ជំនាញ​មុខរបរ​ងាយៗ សរុប ១២.១២២ នាក់ ស្រី ៦៣.៥% អ្នក​សិក្សា​កម្មវិធី​សមមូល​បឋមសិក្សា​ និង​មធ្យមសិក្សា​សរុប ៨.១៥៧​ នាក់ ស្រី ៣៩.៩% និង​អ្នក​សិក្សា​បំពេញវិជ្ជា​បឋមភូមិ​សរុប ៨១២ ​នាក់ ស្រី ២៦.៧% និង​មធ្យមសិក្សា​ទុតិយភូមិ​បំពេញវិជ្ជា​សរុប ២.១០៧ នាក់ ស្រី ៣០.៧%។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា នៅក្នុង​ឆ្នាំ​សិក្សា​ ២០២៤-២០២៥​ នេះ​ មាន​និស្សិត​ចំនួន ​៨.៦២១ ​នាក់ បាន​ទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា ១០០% នៅ​តាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន ៤២ ក្នុងចំណោម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ៧៩ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ១១៥។ ក្នុង​នោះ​ និស្សិត​ក្រីក្រ​ចំនួន ១.៥១៩ នាក់ និង​និស្សិត​ពិការ​ភាព​មិន​កំណត់​ចំនួន អាស្រ័យ​តាម​ចំនួន និង​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយមាន​សិទ្ធិ​ទទួល​បាន​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ។

ក្នុង​ឆ្នាំ ២០២៤ នេះ​ដែរ ក្រសួង​អប់រំ បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ សិស្ស​ពូកែ និង​សិស្ស​មាន​ពិការភាព​ចាប់ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​មធ្យមសិក្សា​ប្រមាណ​ចំនួន ២៦៣.៥១៧ នាក់ ក្នុង​នោះ​ នៅ​បឋមសិក្សា​ចំនួន ១៤៨.៩០១ នាក់ មធ្យមសិក្សា​បឋមភូមិ​ចំនួន ១០២.៣៥៩ នាក់ មធ្យម​សិក្សា​ទុតិយភូមិ​ចំនួន ១១.១៦៧ នាក់ និង​នៅ​កម្រិត​អប់រំ​ពិសេស​ចំនួន ១.០៩០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម