ព័ត៌មានជាតិ
ដើមឆ្នាំ២០២៥ ក្រសួងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ព្រោះយកតួនាទីទៅកំហែងទារប្រាក់
រយៈពេល៣ខែ នៃដើមឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យដឹងថា ក្រសួងបានព្រមានអង្គភាពសារព័ត៌មានចំនួន២ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ដែលពាក់នឹងបញ្ហាមួយចំនួន ដូចជាការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ និងប្រើប្រាស់តួនាទីទៅកំហែងទារ ជាថ្នូរទៅនឹងការមិនផ្សព្វផ្សាយព័ត៌មាន ទៅជាការដោះដូរជាមួយសាច់ប្រាក់ ឬដោះដូរជាមួយអ្វីផ្សេង ដែលខុសក្រមសីលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង កាលពីពេលថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យដឹងថានៅឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៦។ នៅឆ្នាំ២០២៤ ក្រសួងបានព្រមានអង្គភាពសារព័ត៌មានចំនួន១១អង្គភាព ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យត្រឹមត្រូវ និងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៥ចោល និងព្យួរអាជ្ញាបណ្ណចំនួន១ អង្គភាព។

រដ្ឋមន្ត្រី នេត្រ ភក្រ្តា អះអាងថា ការចាត់វិធានការបែបនេះ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់វិស័យព័ត៌មាននៅកម្ពុជា ដែលជាវិស័យសំខាន់ ឱ្យក្លាយជាអំណាចសំខាន់នៅក្នុងសង្គម។

ជុំវិញបញ្ហាបុគ្គលមួយក្ដាប់តូច យកតួនាទីជាអ្នកសារព័ត៌មានទៅកំហែងទារប្រាក់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យដឹងថា បច្ចុប្បន្នក្រសួងព័ត៌មាន កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យមានសមត្ថភាពផលិតព័ត៌មានប្រកបដោយគុណភាព អាចប្រមូលបានទឹកប្រាក់ស្របច្បាប់ពីក្រុមហ៊ុនផ្សេងៗ តាមរយៈការផ្សាយពាណិជ្ជកម្ម ក្នុងគោលដៅបញ្ឈប់កុំអ្នកសារព័ត៌មានមួយចំនួនតូចធ្វើសកម្មភាពទទួលលុយជាប្រចាំខែជាមួយក្រុមជនខិលខូច តាមទីតាំងលេងល្បែងស៊ីសង ជាថ្នូរនឹងការមិនផ្សាយព័ត៌មានទាំងនោះតទៅទៀត។
ពីសន្និសីទសារព័ត៌មានដដែល លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថា ការផ្សាយព័ត៌មានក្លែងក្លាយពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់លក្ខខណ្ឌជំរិតទារប្រាក់ បើមិនប្រាក់តាមកំណត់ នឹងផ្សាយព័ត៌មាន ក៏មិនមែនការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់កម្ពុជា ហើយទង្វើបែបនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោក នេត្រ ភក្រ្តា ប្រាប់បន្តថា អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធ ឬសិទ្ធិពិសេសណាមួយដែលជួយឱ្យរួចខ្លួនពេលធ្វើខុសច្បាប់ឡើយ ពោលបើធ្វើខុសត្រូវច្បាប់ទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែអ្នកសារព័ត៌មានមានតែអាវក្រោះជួយការពារខ្លួននៅពេលផ្សាយព័ត៌មានពិតត្រឹមត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ស្ដីរបបសារព័ត៌មាន និងជាពិសេសអនុវត្តតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
តាមបាយការណ៍ពីក្រសួងព័ត៌មាន នៅកម្ពុជាមានអង្គភាពសារព័ត៌មានទាំងប្រពៃណី និងទំនើបចុះបញ្ជីស្របច្បាប់ជាង១៦០០អង្គភាព ក្នុងនោះមានអ្នកសារព័ត៌មានកំពុងប្រកបវិជ្ជាជីវៈជាង១ម៉ឺននាក់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


