ព័ត៌មានជាតិ
សហជីពថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិពេញលេញដល់សហជីពគ្រប់និន្នាការក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា
សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសេរីភាពពេញលេញដល់គ្រប់និន្នាការសហជីពក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយពួកគេចាត់ទុកការអនុវត្តសិទ្ធិសេរីភាពបានទូលំទូលាយ ដើម្បីការពារផលប្រយោជន៍ជូនកម្មករនិយោជិត។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជាបានថ្លែងពីទីតាំងប្រារព្ធទិវាពលកម្មករអន្តរជាតិកោះនរា រាជធានីភ្នំពេញនៅថ្ងៃទី ១ឧសភាថា៖«ក្រុមការងារយើង គឺមិនមានរារាំងសកម្មភាពប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩នោះទេ គឺអាជ្ញាធរយើងជួយសម្របសម្រួលបញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំងសម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយដែលបានជួបជុំគ្នានាឱកាសនេះ»។
លោកបន្ដថា «យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួមក៏សប្បាយរីករាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។
លោក គង់ អាទិត្យ បានចាត់ទុកផ្ដល់សិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលដល់សហជីព គឺមិនមានឧបសគ្គរារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍មួយចំនួនដែលចោទប្រកាន់ថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ។

ចំណែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា៖«ខ្ញុំបានដឹកនាំក្រុមការងារទៅប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តកណ្ដាលប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬបំភិតបំភ័យកម្មករមិនឱ្យចូលរួមនោះទេ គឺមានការចូលរួមយ៉ាងទូលំទូលាយពីកម្មករនិយោជិតយើង។ លើសពីនេះ មានអាជ្ញាធរជួយសម្របសម្រួលសន្ដិសុខសុវត្ថិភាពជូនកម្មករថែមទៀតផង»។
នៅក្នុងវិធីនោះ លោកបានថ្លែងសារសំខាន់ៗដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯករដ្ឋមន្រ្តី ហេង សួរ ដែលបានយកចិត្តទុកដាក់ទៅលើសិទ្ធិសេរីភាពសហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់ដារការងារឱ្យដូចទៅនឹងប្រទេសក្នុងតំបន់ដែរ។
លោក ហ្វា សាលី បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចាជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។

គួររំឭកថា ច្បាប់ស្តីពីសហជីពដែលរួមមាន ១៧ជំពូក និង១០០មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិ និងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ទី១- ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២- ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ទី៣- ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង៤- រួមចំណែកក្នុងការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


