Connect with us

ព័ត៌មានជាតិ

ពីប្រទេសសង្គ្រាម សម្ដេចតេជោ ថា កម្ពុជាមករងគ្រោះដោយសារការឆបោកតាមអនឡាញ

បានផុស

នៅ

សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៩ ឧសភានេះ បានអះអាងពីភាពរងគ្រោះរបស់កម្ពុជា តាមរយៈសកម្មភាពរបស់ជនបរទេសបានលួចយកប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសល្បែងអនឡាញខុសច្បាប់តែម្ដង។ សម្ដេចតេជោ ថា ពីមុនជាប្រទេសដែលភ័យខ្លាចដោយសារសង្គ្រាម តែពេលនេះ កម្ពុជាត្រូវបានគេខ្លាច ដោយចោទថា ជាកន្លែងឆបោកតាមអនឡាញទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានលើកឡើងដោយភ្ញាក់ផ្អើលថា៖ «ពេលនេះកម្ពុជាបានកំពុងរងគ្រោះដោយសន្តិភាព ដោយសារតែការរីកចម្រើនរយៈពេលចុងក្រោយ ពួកឆបោកនានាទាក់ទងនឹងល្បែងអនឡាញបានប្រមូលមនុស្សតាំងពីប្រទេសឥណ្ឌូនេស៊ី តាំងពីឥណ្ឌា និងពីកន្លែងនេះកន្លែងនោះ ថា ទៅកម្ពុជា គេឱ្យប្រាក់ខែច្រើន»

«ដែលមុននេះ ឮថា កម្ពុជាគេខ្លាចសង្រ្គាម ខ្លាចខ្មែរក្រហម ប៉ុន្តែឥឡូវបែរជាកម្ពុជាទៅជាឋានសួគ៍លោកិយនៃការឆបោកនៃក្រុមអន្តរជាតិ ដែលធ្វើការទាក់ទងនឹងការឆបោកតាមរយៈអនឡាញ»។ សម្ដេចតេជោលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទ «មេរៀនរបស់ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតីទីម័រ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានអះអាងពីការរាលដាលនៅទូទាំងប្រទេសចំពោះបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយមិនកើតនៅតែកម្ពុជានោះឡើយ សូម្បីតែប្រទេសធំៗក៏កើតមានដែរ។ តបទៅនឹងការចោទប្រកាន់ពីប្រទេសមួយចំនួនមកលើកម្ពុជា សម្ដេច ហ៊ុន សែន បានប្រាប់ប្រទេសទាំងនោះ គប្បីប្រដៅ និងណែនាំប្រជាជនខ្លួនកុំឱ្យលេងល្បែង ជាពិសេសល្បែងតាមអនឡាញ ទើបជាការល្អ ដើម្បីជៀសវាងការចាញ់បោកគេ។ ក្នុងនោះ សម្ដេចតេជោ បាននិយាយចំៗទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកតែម្ដង ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកមិនអប់រំពលរដ្ឋខ្លួន កុំឱ្យលេងល្បែងអនឡាញនេះ។

ថ្លែងចេញពីប្រទេសទីម័រ សម្ដេចតេជោ បានបញ្ជាក់ថា តាមរយៈយន្តការពហុភាគី កម្ពុជាបានចូលរួមចំណែកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាអាទិ៍ អំពើភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ហើយពេលនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម