ព័ត៌មានជាតិ
មណ្ឌលគិរី! អ្នកភូមិសម្រុកចូលព្រៃ រុករកផ្សិតប៉ក់ដែលមានតម្លៃថ្លៃលក់ទៅឱ្យឈ្មួញ
ប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែ និងចម្ការ មួយចំនួន រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាំគ្នាសម្រុកចូលព្រៃ ដើម្បីរុករកផ្សិតម្យ៉ាងហៅថាផ្សិត (ប៉ក់) ដែលមានតម្លៃថ្លៃ យកទៅលក់ឱ្យឈ្មួញ ខណៈផ្សិតប្រភេទនេះមានតម្រូវការខ្ពស់នៅឯប្រទេសថៃ។

ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវនេះ អ្នកភូមិតែងតែនាំគ្នាទៅរកផ្សិតប៉ក់ នៅតាមព្រៃសហគមន៍ បន្ទាប់ពីទំនេរការធ្វើស្រែ ចម្ការ ដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ផ្សិតប៉ក់នេះ អ្នកភូមិអាចលក់បានតម្លៃថ្លៃរហូតដល់ ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម នៅដើមរដូវដំបូង ប៉ុន្តែតម្លៃនេះនឹងធ្លាក់ចុះវិញ អាស្រ័យទៅតាមរដូវកាល និងអាកាសធាតុ។ ដោយសារតម្លៃថ្លៃគួរសម្យនេះហើយ ទើបអ្នកភូមិនាំគ្នាសម្រុកចេញទៅរកតាមព្រៃសហគមន៍នៅក្បែរមូលដ្ឋានរបស់ខ្លួន ស្ទើរស្ងាត់ភូមិ។

ប្រជាពលរដ្ឋមួយរូបមានអ្នកស្រី ប៊ួ នឿន អាយុ៤៨ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរៀបរាប់ថា សព្វថ្ងៃគាត់មានមុខរបរជាកសិករ ធ្វើស្រែចម្ការ ហើយទំនេរពីការងារ គាត់តែងតែដើររកមើលនៅតាមព្រៃសហគមន៍របស់ខ្លួន ដូចជាអនុផលរុក្ខជាតិផ្សេងៗ ដែលអាចយកទៅលក់ឱ្យឈ្មួញគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រីបន្តថា៖«ឱ្យតែដល់ចុងខែមេសា បន្ទាប់ពីភ្លៀងជោកជាំដី ក្រុមគ្រួសារខ្ញុំតែងតែដើររុករក រុក្ខជាតិមួយប្រភេទ ហៅថាផ្សិត(ប៉ក់) ដែលវាមានតម្លៃថ្លៃ រហូតដល់ ៦ម៉ឺនរៀលឯណោះក្នុងមួយគីឡូក្រាម។ ប៉ុន្តែនៅក្នុងឆ្នាំនេះអាកាសធាតុប្រែប្រួលប្រភេទផ្សិតប៉ក់នេះដុះរៀងយឺតជាងរាល់ឆ្នាំបន្តិច គឺចូលខែឧសភាសប្ដាហ៍ទីមួយទើបផ្សិតចាប់ផ្ដើមដុះបណ្តើរៗ»។ បើតាមការអះអាងអ្នកស្រី ប៊ួ នឿន គាត់អាចរកបានក្នុងមួយថ្ងៃ ៣ទៅ៤គីឡូក្រាម ហើយបើធៀបនឹងឆ្នាំមុនអាចរកបានរហូតទៅដល់ជាង១០គីឡូទៅ២០គីឡូក្រាម។

អ្នករើសផ្សិតរូបនេះបានបញ្ជាក់ថា ឯតម្លៃនៅក្នុងឆ្នាំនេះវិញ គឺមិនសូវជាបានតម្លៃថ្លៃខ្លាំងដូចឆ្នាំមុនទេ គឺឈ្មួញឱ្យក្នុងមួយគីឡូក្រាមចន្លោះពី ៤ ទៅក្បែរ ៥ម៉ឺនរៀល បើធៀបនឹងឆ្នាំមុនៗតម្លៃឆ្នាំនេះធ្លាក់ចុះបន្តិច។ ការដើររកផ្សិតប្រភេទកម្រនេះ មិនមែនមានតែក្រុមគ្រួសាររបស់គាត់ទេ គឺមានបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចេញទៅរកផ្សិតមួយប្រភេទនេះទាំងចាស់ទាំងក្មេងស្ទើរស្ងាត់ភូមិ។
ប៊ួ នឿន បានឱ្យដឹងថា៖«ព្រោះថាផ្សិតនេះ មានអាយុកាលខ្លីប៉ុណ្ណោះបើសិនជាយើងរើសមិនទាន់យកទៅលក់ឱ្យឈ្មួញនោះទេវានឹងអាចចាស់ហើយទុំ ពេលនោះឈ្មួញមិនទទួលទិញនោះទេ»។

ស្របពេលដែលប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលើ នាំគ្នាសម្រុកចេញរុករកផ្សិត ដែលមានតម្លៃថ្លៃនេះ ក៏មានឈ្មួញជាច្រើន បានឈរចាំនៅតាមដងផ្លូវដើម្បីរង់ចាំទទួលទិញផ្សិតប៉ក់ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនហូរហែផងដែរ។
ឈ្មួញមួយរូប លោក សុខលី ដែលចាំទទួលទិញផ្សិតប៉ក់ ពីបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ បានឱ្យដឹងថា គាត់តែងតែទទួលទិញផ្សិតប៉ក់ពីបងប្អូនប្រជាពលរដ្ឋជារៀងរាល់ឆ្នាំនៅក្នុងតំបន់នេះ រួចហើយខ្ចប់ឱ្យមានរបៀបរៀបរយ ដឹកតាមរថយន្តយកទៅលក់បន្តឱ្យឈ្មួញថៃតាមច្រកអានសេះខេត្តព្រះវិហារ។
លោកបន្តថា ពាក់ព័ន្ធនឹងតម្លៃហាងឆេងទីផ្សារវិញ មានការឡើងចុះជាប្រចាំ ដែលហាងឆេងនេះមិនមែនលោកជាអ្នកទម្លាក់នោះទេ គឺភាគីខាងថៃដែលតម្រូវទិញតាមអាកាសធាតុ ពោលបើមានភ្លៀងធ្លាក់ជោកជាំ គេរៀងទម្លាក់តម្លៃបន្តិច ប៉ុន្តែបើថ្ងៃខ្លះរាំងភ្លៀង ចន្លោះមួយថ្ងៃទៅរពីថ្ងៃវិញ តម្លៃនឹងឡើងវិញបន្តិច។ បើតាមឈ្មួញរូបនេះ តម្លៃដែលលោកទិញពីម្សិលមិញ មួយគីឡូក្រាម៤៣០០០រៀល ប៉ុន្តែថ្ងៃនេះ ហាងឆេងមានការធ្លាក់ចុះ គឺលោកទិញត្រឹមតែ ក្នុងមួយគីឡូក្រាម ៣៥០០០រៀលប៉ុណ្ណះ។


គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិយ៉ាងច្រើនសម្បូរបែបនៅតាមព្រៃធនធានធម្មជាតិ ពិសេសនៅព្រៃសហគមន៍ក្បែរមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះបញ្ជាក់ឱ្យឃើញថា ដើមឈើនៅឈរ មិនមានកាំបិតកាប់បំផ្លាញពីសំណាក់ជនទុច្ចរិត វានឹងអាចហុចផលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជារៀងរហូត៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


