ព័ត៌មានជាតិ
អតីតអ្នកកាសែត ៨រូបនេះ កំពុងកាន់តួនាទីជាអ្នកនាំពាក្យ
ធ្លាប់ជាអ្នកផ្តល់ព័ត៌មានដល់អ្នកអាន អ្នកស្តាប់ អ្នកទស្សនា អតីតអ្នកកាសែតចំនួន ៨រូបដែលមានបទពិសោធក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំ បានវិវត្តន៍ខ្លួនជាអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋដែលដើរតួនាទីសំខាន់ជាអ្នកពាំនាំការពិត និងសមិទ្ធផលនានារបស់ជាតិជូនប្រជាពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយជាប់ជាប្រចាំ និងលឿនរហ័ស។ អតីតអ្នកកាសែត ដែលកំពុងកាន់ការជាអ្នកនាំពាក្យ ពេលបច្ចុប្បន្ននេះ រួមមានដូចជា៖

១. លោក ប៉ែន បូណា
អ្នកកាសែតជើងចាស់មានបទពិសោធយូរឆ្នាំ ប្រឡូកក្នុងវិស័យសារព័ត៌មាន តាំងពីឆ្នាំ១៩៩០ លោក ប៉ែន បូណា កំពុងកាន់ការជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ភ្ជាប់ដោយមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរាជរដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ អតីតសិស្សសាលាកាសែត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៉ែន បូណា ធ្លាប់បានបម្រើការងារជាអ្នកកាសែតនៅស្ថាប័នល្បីៗជាច្រើន រួមមាន កាសែតបារាំង CAMBODGE SOIR ជានិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI និងជានាយកព័ត៌មានរបស់ទូរទស្សន៍ PNN។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏ជាអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា ២អាណត្តិជាប់ៗគ្នា ហើយក្រោយមកទទួលតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

២. លោក ជា ធីរិទ្ធ
ពីអតីតអ្នកសារព័ត៌មានដែលបានប្រឡូកក្នុងអាជីពនេះជាង១០ឆ្នាំ លោក ជា ធីរិទ្ធ បានប្រែក្លាយខ្លួនជាអ្នកនាំពាក្យរបស់ព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលនៃអំណាចនីតិបញ្ញត្តិកម្ពុជា អមដោយតួនាទីជាទីប្រឹក្សា និងជានាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រៅពីអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក៏ទទួលបានការចាត់តាំងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
នេះអាចថា មិនមែនជារឿងចៃដន្យ តែជាការខិតខំ ដោយផ្អែកលើសមត្ថភាព ចំណេះដឹង និងបទពិសោធរបស់អតីតអ្នកកាសែតរូបនេះ។ ពីក្មេងអាស្រ័យបាយវត្ត កើតក្នុងគ្រួសារខ្វះខាត លោក ជា ធីរិទ្ធ បានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិតពីសាកលវិទ្យាល័យបារាំង។

៣. លោក ទូច សុខៈ
លោក ទូច សុខៈ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចចាត់តាំងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដែលជាក្រសួងដ៏សំខាន់ និងមានវិសាលភាពគ្រប់ដណ្ដប់លើផ្ទៃប្រទេសទាំងលើកិច្ចការរដ្ឋបាលដែនដី នគរបាលជាតិ និងការងារពន្ធនាគារ។ មុនវិវត្តន៍ខ្លួនមកជាអ្នកនាំពាក្យ អតីតអ្នកអានព័ត៌មានភ្លើងឆេះផ្ទះខ្លួនឯង លោក ទូច សុខៈ មានបទពិសោធក្នុងវិស័យសារព័ត៌មានជាង១០ឆ្នាំ ដោយលោកធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ទាំងវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញ។

៤. លោក សេង ឌីណា
បច្ចុប្បន្ន លោក សេង ឌីណា កំពុងកាន់តួនាទីជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌។ លោក សេង ឌីណា មានអតីតភាពជានិពន្ធនាយកជាភាសាខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានបម្រើការងារនៅវិទ្យុបារាំងនេះអស់រយៈពេលជិត២ទសវត្សរ៍។ ប្រិយមិត្តអ្នកស្ដាប់ភាគច្រើន បានស្គាល់លោក សេង ឌីណា តាមរយៈអត្ថបទស្រាវជ្រាវអំពីប្រវត្តិសាស្ត្រពិភពលោក។

៥. លោក ខ្វៃ អាទិត្យា
អ្នកនាំពាក្យឱ្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា គឺជាអ្នកកាសែតជើងចាស់ ដែលធ្លាប់បានចូលរួមកម្មវិធីតូចធំជាច្រើន តាមរយៈការងារជាមន្ត្រីនៅទូរទស្សន៍ជាតិកម្ពុជា ឬពលរដ្ឋទូទៅស្គាល់ថា ទទក ហើយលោក ធ្លាប់កាន់ជាអគ្គនាយករងស្ថានីយទូរទស្សន៍ជាតិមួយនេះ មុនមកកាន់ជាអគ្គនាយកស្ថានីយ៍ទូរទស្សន៍អប្សរា។

៦. លោក ផន រឹម
លោក ផន រឹម ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបានតែងតាំងជាអ្នកនាំពាក្យក្រសួង។ អ្នកនាំពាក្យរូបនេះឆ្លងកាត់ការងារក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើនឆ្នាំ និងធ្លាប់ជាអតីតបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV)។

៧. លោក ស៊ុន មេសា
លោក ស៊ុន មេសា ជាទីប្រឹក្សារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរដ្ឋមន្ត្រីក្រសួងនេះ ចាត់តាំងជាអ្នកនាំពាក្យថ្មី ជំនួសលោក កត្តា អ៊ន ដើម្បីឆ្លើយឆ្លងព័ត៌មានផ្លូវការជាមួយសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានបម្រើការងារជាអ្នកសារព័ត៌មានប្រមាណជាង១០ឆ្នាំ នៅស្ថាប័នជាច្រើន ជាអាទិ៍ នៅវិទ្យុបារាំងអន្តរជាតិ FRI។

៨. លោក រ៉េន រតនៈ
បន្ថែមពីអាជីពព័ត៌មានជាងមួយទសវត្សរ៍ លោក រ៉េន រតនៈ ត្រូវបានតែងតាំងជាជំនួយការ និងជាអ្នកនាំពាក្យផ្ទាល់របស់ប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាពេលបច្ចុប្បន្ន។
ជាការកត់សម្គាល់ នេះគ្រាន់ជាមួយផ្នែកនៃការស្រាវជ្រាវរបស់កម្ពុជាថ្មីប៉ុណ្ណោះ។ តួយ៉ាង អ្នកសារព័ត៌មានដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធជាច្រើនរូបផ្សេងទៀត ក៏បានទទួលមុខតំណែង ក៏ដូចជាតួនាទីនៅតាមក្រសួងស្ថាប័ននានា ជាអាទិ៍ ជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមទាំងជាមន្ត្រីនាំពាក្យ ជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១០ ម៉ោង ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ចរាចរណ៍៧ ម៉ោង ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,45mg/L
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត