ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ មុនពេលអ្នកសារព័ត៌មានផ្សាយអំពីកុមារ ត្រូវគិតថាមានផលប៉ះពាល់អ្វីខ្លះដល់ពួកគេ?
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានណែនាំឱ្យអ្នកសារព័ត៌មានគ្រប់រូប គោរពនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អ ជាពិេសស នៅពេលដែលរាយការណ៍ពីកុមារ ត្រូវគិតឱ្យបានហ្មត់ចត់ថា រាល់ព័ត៌មានដែលផ្សាយចេញនោះ ជះឥទ្ធិពលមិនល្អ ឬប៉ះពាល់ដល់សិទ្ធិរបស់កុមារឬទេ?

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកចូលរួមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការរក្សាសុវត្ថិភាពកុមារ យុវជន និងស្រ្តីវ័យជំទង់ក្នុងវិស័យសារព័ត៌មាន» ដែលរៀបចំដោយអង្គការសិទ្ធិកុមារចំនួន៥ គឺ អង្គការ ឃែរកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា យូនីសេហ្វប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយសីលធម៌ គោលការណ៍រក្សាសុវត្ថិភាព និងការរាយការណ៍ពីកុមារ និងដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះកាន់តែប្រសើរឡើង។

ក្នុងឱកាសនេះ លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា៖ «នៅពេលអ្នកសារព័ត៌មានរាយការណ៍អំពីកុមារ ត្រូវចេះគិតថាកាលបើផ្សាយរឿងនោះទៅ តើវានឹងប៉ះពាល់អ្វីខ្លះដល់ប្អូន កូនប្រុស កូនស្រី ក្មួយស្រី ឬក្មួយប្រុសរបស់យើង ឬគិតមើលថាប្រសិនបើតួអង្គនៅក្នុងព្រឹត្តិការណ៍នោះ គឺជាសាច់ញាតិ កូន ក្មួយប្រុសស្រី របស់យើង តើអ្នកមានអារម្មណ៍ឈឺចាប់យ៉ាងណា ហើយតើការផ្សាយដែលគ្មានក្រមសីលធម៌ វានឹងបង្កផលវិបាកក្នុងពេលខ្លី និងវែងមកលើកុមារយ៉ាងណាខ្លះ?» ។
លោកបន្ថែមថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការនាំយកព័ត៌មានពិតជូនពលរដ្ឋ ជាពិសេស មុននឹងចុះធ្វើប្រធានបទអ្វីមួយ អ្នកសារព័ត៌មានត្រូវមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចេញផ្សាយព័ត៌មាននោះ។ លោកថា តួនាទីរបស់អ្នកសារព័ត៌មានមានសារៈសំខាន់ ការទទួលខុសត្រូវខ្ពស់ ជាអ្នកផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៖ ព័ត៌មាន ពុទ្ធិ ការអប់រំ។ អ្នកសារព័ត៌មានដែលមានទំនួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគតរបស់កុមារ យុវវ័យ។

អ្នកនាំពាក្យ សង្កត់ធ្ងន់ថា៖ «អ្នកសារព័ត៌មានតែម្នាក់មិនទាន់គ្រប់គ្រាន់ដើម្បីអាចធានាបាននូវក្រមសីលធម៌សារព័ត៌មានសម្រាប់កុមារ យុវវ័យទេ គឺត្រូវមានតួនាទីផ្សេងទៀតដែរ ដូចជាអ្នកកែសម្រួលអត្ថបទ/ ការីនិពន្ធ ដែលជាអ្នកត្រួតពិនិត្យ កែសម្រួលចំណងជើង រូបភាព សម្រួចខ្លឹមសារនៃព័ត៌មានដែលត្រូវផ្សាយមុនផ្សាយ ដើម្បីធានាភាពត្រឹមត្រូវ មានទឡ្ហីករណ៍ ខ្លឹមសារគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ សុក្រិតភាព និងគុណភាព»។
លោក ទេព អស្នារិទ្ធ ក៏បានបញ្ជាក់ដែលថា៖ «សារព័ត៌មានប្រកបដោយក្រមសីលធម៌ ចូលរួមធានាសុខុមាលភាពរបស់កុមារ និងជួយការពារកុមារពីការរងផលប៉ះពាល់នានាជាយថាហេតុ។ ការប្រកាន់ខ្ជាប់នូវនិយាមវិជ្ជាជីវៈនិងក្រមសីលធម៌ ជាគោលការណ៍គ្រឹះ និងជាទំនួលខុសត្រូវរបស់អ្នកសារព័ត៌មានគ្រប់រូប»។
ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បាននិយាយថា៖ «ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណជន ហើយ នេះជាការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍ អំពីកុមារ យុវជន និងបុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ពួកគេ មិនត្រូវបានប៉ះពាល់ឬបំពានឡើយ។ ឧត្តមប្រយោជន៍របស់ពួកគេ មិនគួរត្រឹមតែជាការពិចារណាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាគោលការណ៍ណែនាំ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ ដើម្បីផ្លាស់ប្តូរការយល់ឃើញ និងជំរុញឱ្យមានការផ្លាស់ប្តូរ»៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


