ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមកជុំវិញការពន្យារពេលផ្លាស់ប្តូរអ្នកទោស
ភាពតានតឹងបានកើនឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី ជុំវិញការពន្យារពេលផ្លាស់ប្ដូរសាកសព និងអ្នកទោសសង្គ្រាម ដោយប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរារាំងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ដែលជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយមនុស្សធម៌។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥។

អាជ្ញាធររុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានពន្យារពេលការប្រគល់អ្នកទោស និងទាហានដែលបានស្លាប់ បើទោះបីជាមានកិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីដើមខែមិថុនានេះក៏ដោយ។ យោងតាមលោកឧត្តមសេនីយ Alexander Zorin ប្រទេសរុស្ស៊ីបានរៀបចំសាកសពទាហានអ៊ុយក្រែនចំនួន ១ ២១២នាក់ទៅកាន់កន្លែងផ្លាស់ប្តូរដែលបានកំណត់នៅជិតព្រំដែន ហើយត្រៀមសម្រាប់ប្រតិបត្តិការដោះដូរ។ ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី បន្ថែមថា អ៊ុយក្រែន មិនបានបង្ហាញខ្លួនតាមពេលវេលាដែលបានព្រមព្រៀងនោះទេ ដោយបានចោទប្រកាន់ទីក្រុងកៀវពីបទបញ្ឈប់ដំណើរការនេះដោយចេតនា។
អ៊ុយក្រែនបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាជាព័ត៌មានមិនពិត។ មន្ត្រីចារកម្មយោធានៅទីក្រុងកៀវ បានអះអាងថា គ្មានកាលបរិច្ឆេទជាក់លាក់នៅឡើយទេដែលត្រូវបានរៀបចំសម្រាប់ការផ្លាស់ប្តូរ ហើយបានចោទប្រកាន់រុស្ស៊ីថាបានដឹកជញ្ជូនសាកសពមុនកាលកំណត់សម្រាប់ល្បិចនយោបាយតែប៉ុណ្ណោះ។ អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បាននិយាយថា «មិនមានការពន្យារពេលជាផ្លូវការទេ គឺមានតែការប៉ុនប៉ងមួយទៀតរបស់រុស្ស៊ីក្នុងការបោកបញ្ឆោតការពិត»។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា បញ្ជីពេញលេញនៃអ្នកទោសរុស្ស៊ីសម្រាប់ការដោះដូរមិនទាន់ត្រូវបានផ្តល់ឲ្យនៅឡើយទេ ដែលធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការដោះដូរ។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការបន្តដំណើរការនេះ ប៉ុន្តែបានថ្កោលទោសចំពោះអ្វីដែលលោកហៅថាជា «ល្បែងកខ្វក់» របស់ទីក្រុងមូស្គូនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
កិច្ចព្រមព្រៀងដោះដូរដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុល បានគូសបញ្ជាក់ពីការដោះដូរទាហានដែលស្លាប់ប្រហែល ១២ ០០០នាក់ ដោយក្នុងនោះ ៦ ០០០នាក់ពីភាគីនីមួយៗ ក៏ដូចជាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយដើម្បីផ្តល់អាទិភាពដល់ការដោះលែងអ្នកទោសដែលរងរបួស និងវ័យក្មេង។
ទន្ទឹមនោះ អរិភាពលើសមរភូមិនៅតែកំពុងបន្ត។ ការវាយប្រហារតាមអាកាសរបស់រុស្សីកាលពីចុងសប្តាហ៍ បានកំណត់គោលដៅទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងទីក្រុង Kharkov និង Sumy ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច៤នាក់ និងរាប់សិបនាក់រងរបួស។ អ៊ុយក្រែនបានឆ្លើយតបដោយប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារលើទឹកដីរុស្ស៊ីដែលបង្កើនភាពតានតឹងផ្នែកយោធាបន្ថែមទៀត។
ទោះបីជាមានការជាប់គាំងក៏ដោយ ក៏ប្រទេសទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការបន្តការផ្លាស់ប្តូរអ្នកទោសនៅក្នុងសប្តាហ៍ខាងមុខនេះ។ ទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ រួមទាំងកាកបាទក្រហម ត្រូវបានគេរំពឹងថានឹងតាមដាននីតិវិធី ដើម្បីធានាបាននូវការអនុលោមតាមច្បាប់អន្តរជាតិ។
ជម្លោះដែលបានឈានចូលដល់ឆ្នាំទី៣នេះ បានគូសបញ្ជាក់ពីភាពផុយស្រួយនៃការសម្របសម្រួលមនុស្សធម៌នៅក្នុងសង្រ្គាម ដោយមានអ្នកទោសសង្រ្គាមជាង ១២ ០០០នាក់ និងសាកសពរាប់ម៉ឺននាក់ដែលកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី