ព័ត៌មានជាតិ
មូលនិធិគន្ធបុប្ផា ទទួលបានថវិកា ៥,៥ លានដុល្លារ តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
គិតចាប់ពីការប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានការចូលរួមយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ដោយទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៥,៥ លានដុល្លារអាម៉េរិក ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមូលនិធិគន្ធបុប្ផាកម្ពុជា។

សេចក្តីប្រកាសបញ្ជាក់ថា៖«ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ បង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរសយ៉ាងផុសផុល និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា»។
សូមជម្រាបជូនថា ទោះបីជាយុទ្ធនាការនេះដល់ថ្ងៃបញ្ចប់ក៏ដោយ, ក៏សាធារណជនដែលមានទឹកចិត្តសប្បុរស នៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះ ផងដែរ។ ការបរិច្ចាគ ១ម៉ឺនរៀលម្នាក់ ជឿជាក់ថា ពលរដ្ឋកម្ពុជាយើងប្រាកដជាអាចបន្តធ្វើបាន ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយហេតុថារាល់ការបរិច្ចាគ ទោះតិចក្តីច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការ ចូលរួមសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាស និងដៃគូនានា ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រពាក់ព័ន្ធនឹងការ រៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” តាំងពីដើមទី ក្នុងទិដ្ឋភាពផ្សេងៗគ្នាដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយនេះ បានប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យគួរជាទីមោទនៈ។


មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះការចំណាយពេលដ៏មានតម្លៃ និងមមាញឹក ដើម្បីដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ក៏ដូចជាចំពោះការផ្តល់ការណែនាំ និងតម្រង់ទិសជាប្រចាំដល់ក្រុមការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


