Connect with us

ព័ត៌មានជាតិ

លោក​ ហេង សួរ ពន្យល់​​ពលករ​ដែល​មក​ពី​ថៃ​ថា កម្ពុជា​មាន​លក្ខខណ្ឌ​ការងារ​ល្អជាង និង​អត្ថ​ប្រយោជន៍ច្រើន​ជាង​ថៃ

បានផុស

នៅ

ព្រៃវែង ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២៥ បានពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូន​ពលករ​ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ​ចុះ​ឈ្មោះ​ធ្វើការងារ​នៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍​សម្បូរ​បែបជាងនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល​លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ និងពលករ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ប្រមាណ ១០០០នាក់ក្នុង «វេទិកា​ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។

លោករដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោង​ចក្រ​សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង​គ្រោះថ្នាក់ការងារ និងការយកចិត្តទុក​ដាក់ដែលពលករ​មិន​ដែលទទួល​បាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។

លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែម​ថា «ចំណូលយើង បើបូកចូលគ្នាទាំង​ប្រាក់ខែគោល បូកទាំងប្រាក់​ឧបត្ថម្ភ​នានា​ទៀត ខ្ញុំគិត​ថា មិន​តិច​ជាង ២៥០ដុល្លារ​នោះទេ ហើយបើថែមម៉ោងទៀត អាចឡើង​ដល់​ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច​មានបងប្អូនខ្លះថា នៅទាប​ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង​ប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយក​លុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបង​ប្អូនចាស់ទៅ គឺមិនមានលុយសង​ត្រឡប់មកឱ្យបង​ប្អូនយើងវិញទេ ព្រោះយើង​គ្មានប្រាក់​សន្សំនៅទីនោះ…ជាពិសេស បងប្អូនស្រី្ត​ដែល​សម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបង​ប្អូនគិតពិចារណា​ក្នុងការងាកមក​ធ្វើការងារនៅ​ក្នុង​ស្រុកយើងវិញ»។

ជាមួយនឹងប្រាក់​ឈ្នួល​ខុស​គ្នា​បន្តិច​បន្តួច​រវាង​ការ​ធ្វើ​ការ​នៅ​កម្ពុជា និងថៃ លោក​រដ្ឋមន្ត្រីបានអំពាវ​នាវ​សាជាថ្មី​ម្តង​ទៀត​​ទៅ​ដល់​ពលករ​ដែលបានវិលត្រឡប់​មកពីប្រទេសថៃ និងអ្នកដែលមានគោល​បំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើសការងារនៅ​កម្ពុជាវិញ ព្រោះជាការកាត់​ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។

សូម​បញ្ជាក់​ថា ដើម្បី​ធានា​ថា ពលករខ្មែរដែលត្រឡប់មក​ពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់​រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម