ព័ត៌មានជាតិ
ប្រមុខការពារជាតិ ថាកម្ពុជាសល់ទ័ពជាច្រើនទៀត ហើយនឹងបន្តបញ្ជូនថែមទៀតទៅព្រំដែនដើម្បីប្រឆាំងការពារឈ្លានពីថៃ
ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា អះអាងថា កម្ពុជានៅសល់កងទ័ពជាច្រើនទៀតនៅក្នុងប្រទេស ហើយនឹងបន្តបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់សមរភូមិជួរមុខតាមបន្ទាត់ព្រំដែន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រឆាំងរាល់ការឈ្លានពានពីសំណាក់កងទ័ពថៃ។ នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងដូច្នេះនៅក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ប្រមុខការពារជាតិ សង្កត់ធ្ងន់ដូច្នេះ៖«យើងនៅសល់កងទ័ពច្រើនណាស់នៅក្នុងប្រទេស! ក្នុងការបញ្ជូន ហើយពង្រឹងកងទ័ពនៅឯជួរមុខ ក្នុងការរក្សា ការពារបូរណភាពទឹកដីយើងបាន។ ឥឡូវនេះយើងបញ្ជូនទៅទៀត។ ដរាបណាថៃគេមិនទាន់ដកកងទ័ព យើងក៏នៅតែមិនទាន់ដកដែរ បើមានការបញ្ជាក់ជាក់លាក់ថាគេដក យើងក៏ដកដែរ។ វាត្រូវបង្កើននូវភាពជឿជាក់គ្នារវាងកងទ័ព និងកងទ័ពឡើងវិញ។ ឥឡូវនេះយើងក៏មិនសូវជាទុកចិត្តថា គេដកមែនឬអត់! »។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានចល័តទ័ព និងអាវុធធុនធ្ងន់ភ្លាមៗទៅកាន់សមរភូមិជួរមុខ តាមបន្ទាត់ព្រំដែនជាមួយថៃ នៅវេលាថ្ងៃត្រង់ទី២៨ ខែឧសភា ប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក្រោយទ័ពថៃ លបលួចបាញ់សម្លាប់កងទ័ពកម្ពុជា នៅវេលាព្រឹកព្រលឹម ក្នុងតំបន់មុំបី ក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។កងទ័ពជាច្រើនបានបញ្ជូនទៅកាន់សមរភូមិជួរមុខ រួមទាំងរថពាសដែក រថក្រោះ និងប្រព័ន្ធបាញ់គ្រាប់ចំនួន៤០កាណុង B21 ប្រព័ន្ធការពារដែនអាកាស និងសព្វាវុធផ្សេងៗទៀត បានបញ្ជូនទៅដល់ និងបង្វែរកាណុងរួចជាស្រេចរងចាំបទបញ្ជារ។

ចាប់តាំងពីថ្ងៃដែលទាហានថៃ លបលួចបាញ់សម្លាប់កងទ័ពកម្ពុជា មកស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ចេះតែឡើងកម្ដៅមិនថមថយឡើយ។ ការឡើងកម្ដៅនៃបញ្ហាព្រំដែនទាំងពីរ គឺបង្កឡើងដោយភាគីថៃ ដោយថៃ បានបន្ថយម៉ោងបិទបើកច្រកទ្វារព្រំដែនចេញចូលដោយឯកតោភាគី គំរាមកាត់ផ្ដាច់អគ្គិសនី អ៊ឺនធឺណិត ប្រេងឥន្ធនៈ ឈប់ផ្គត់ផ្គង់មកឱ្យកម្ពុជា តែត្រូវកម្ពុជា កាត់ផ្ដាច់បានមុន និងថៃបិទទ្វារព្រំដែន ដោយមិនជូនដំណឹងមកកម្ពុជាទាល់តែសោះ។ ថៃ ថែមទាំងគំរាមប្រើកម្លាំងយោធាបំពានមកលើកម្ពុជា និងហ៊ានប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាទៀតផង។

បញ្ហាដែលបង្កឡើងដោយថៃ ក្នុងចេតនាចង់ផ្ដាច់ដង្ហើមពលរដ្ឋកម្ពុជា ប៉ុន្តែបញ្ហានេះ បានជះផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដល់ពលរដ្ឋថៃខ្លួនឯង ដែលរស់ពឹងផ្អែកលើការលក់ទំនិញមកឱ្យពលរដ្ឋកម្ពុជាតាមព្រំដែន រហូតដល់អាជីវករថៃ បានធ្វើបាតុកម្មតាមទារឱ្យថៃ បើកព្រំដែនឡើងវិញទៀតផង។
ថៃ ដែលជាអ្នកបិទព្រំដែនមុនដោយខ្លួនឯង បានមកបបួលកម្ពុជា ចរចាបើកព្រំដែនឡើងវិញ ព្រោះតែខ្លាចបាក់មុខ ខូចកិត្តិយស ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំកម្ពុជាបដិសេធមិនចូលចរចាជាមួយ នឹងប្រាប់ទៅវិញឱ្យថៃបើកព្រំដែនជាមុនឡើងវិញព្រោះថៃខ្លួនឯង ជាអ្នកបិទមុន។

ថ្មីៗនេះ កងទ័ពថៃ សុំអង្វរកម្ពុជា ឱ្យសម្រួលកងទ័ព និងសព្វាវុធធុនធ្ងន់ចេញពីព្រំដែនប្រឈមនឹងផ្ទុះអាវុធ តែត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៅវិញថា ថៃត្រូវបើកគ្រប់ច្រកទ្វារព្រំដែនទាំងឡើងវិញជាមុន និងសន្យាថាមិនបិទជាឯកតោភាគីម្ដងទៀត, បើកច្រកទ្វារព្រំដែនជាប់ជាមួយកម្ពុជាទាំងអស់ មិនមែនបើកមួយ ទុកមួយឡើយ ហើយត្រូវដោះស្រាយបញ្ហានានានៅច្រកទ្វារព្រំដែនឱ្យប្រក្រតីឡើងវិញ ឱ្យដូចស្ថានការណ៍ច្រកទ្វារដែលល្អប្រសើរដូចមុនកាលពីថ្ងៃទី០៧ ខែមិថុនា ទើបកម្ពុជា បើកទ្វារព្រំដែនជាមួយឡើងវិញ នឹងជួបចរចារឿងសម្រួលកងទ័ពតាមក្រោយ។
ជាមួយគ្នា នៅថ្ងៃទី១៤ ខែកក្កដា សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ហាញការហួសចិត្តចំពោះមេទ័ពថៃ ដែលចង់សម្រួលកងទ័ពពីទីតាំងប្រឈមសង្គ្រាម ដើម្បីបន្ថយកម្ដៅជម្លោះព្រំដែន ប៉ុន្តែកងទ័ពបន្តធ្វើផ្លូវទុកចល័តរថក្រោះចូលកាន់តែជ្រៅ កៀកនឹងខ្សែត្រៀមកងទ័ពកម្ពុជា ជាញឹកញយ បន្តចល័តកម្លាំងកងទ័ព នឹងសព្វាវុធឥតឈប់ឈរ ជីកលេណដ្ឋាន បង្ហោះយន្តហោះគ្មានមនុស្សបើកចូលដីកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ