ព័ត៌មានជាតិ
ជាង ១ ខែ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាម ៧ ពាន់ប្លោក កើនឡើងជិត ៤០%
នៅក្នុងរយៈពេលជាង ១ ខែនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមប្រមាណ ៧ ពាន់ប្លោក កើនឡើងជិត ៤០% ដែលធ្វើឱ្យមជ្ឈមណ្ឌលមានស្តុកឈាមគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ សីហា នេះថា ចាប់តាំងពីខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិ បានទទួលអំណោយឈាមប្រមាណពី ៦ ទៅ ៧ ពាន់ប្លោក មានកំណើនជិត ៤០% ដែលបានជួយសម្រួលក្នុងការផ្តល់ឈាមបានលឿន ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ពិសេសចូលរួមកាត់បន្ថយការបូមឈាមជំនួសពីសំណាក់បងប្អូនសាច់ញាតិរបស់អ្នកជំងឺបានមួយកម្រិត ខណៈមានអ្នករង់ចាំបរិច្ចាគឈាមជិត ២ ម៉ឺននាក់ទៀត មានឈ្មោះនៅក្នុងបញ្ជីបរិច្ចាគឈាមរួចជាស្រេច ពេលមានតម្រូវការបន្ទាន់ យើងនឹងអញ្ជើញពួកគាត់ចូលរួមបរិច្ចាគឈាមបានគ្រប់ពេលវេលា។

លោកវេជ្ជបណ្ឌិត បានបន្តថា ការកើនឡើង នៃចំនួនអ្នកបរិច្ចាគឈាមនេះ បន្ទាប់ពីប្រទេសកម្ពុជារងការឈ្លានពានពីសំណាក់ប្រទេសថៃ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី រួមទាំងព្រះសង្ឃស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមយ៉ាងផុសផុល ដើម្បីត្រៀមនៅពេលមានតម្រូវការឈាមជាបន្ទាន់ ពិសេសបង្ហាញការគាំទ្រដល់កងទ័ពជួរមុខកម្ពុជាដែលកំពុងប្រយុទ្ធការពារទឹកដីកម្ពុជា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា «ទោះបីជាបច្ចុប្បន្នកំណើនអ្នកចូលរួមបរិច្ចាគឈាមកើនក៏ដោយ តែខ្ញុំមិនចង់ឱ្យកើនខ្ពស់ពេកទេ ដោយសារខ្លាចបងប្អូនយើងភ្លេចខ្លួនចូលរួមបរិច្ចាគឈាមបានតែរយៈពេលខ្លី ទៅថ្ងៃក្រោយយើងនៅតែខ្វះឈាមដដែល។ ដូចនេះខ្ញុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដើម្បីឱ្យមជ្ឈមណ្ឌលជាតិអាចមានស្តុកឈាមគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាម»។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មណ្ឌលនៅតែត្រូវការឈាមពីសាច់ញាតិ ឬបងប្អូនអ្នកជំងឺមកផ្តល់ឈាមជំនួសដដែល ព្រោះថាបច្ចុប្បន្នយើងបានកាត់បន្ថយការផ្តល់ឈាមជំនួសបាន ៥០% ពោលគឺពេលអ្នកជំងឺត្រូវការឈាមយើងផ្តល់ជូនទៅតាមស្ថានភាពជាក់ស្តែង តែបើអាចមានអ្នកបូមឈាមជំនួសបាន យើងអនុញ្ញាត ដោយសារយើងនៅមិនទាន់ហ៊ានលែងទាំងស្រុងនោះទេ។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា បច្ចុប្បន្ន ក្នុង ១ ថ្ងៃ យើងមានតម្រូវការឈាមនៅទូទាំងប្រទេសកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញ មានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជា វះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមាន ជំងឺមហារីក និងជំងឺលាងឈាមជាដើម ខណៈសម្រាប់ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក មានការកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ ប្រមូលបាន ១ សែន ៧ ម៉ឺនប្លោក៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


