សុខភាព
មន្ត្រីជាន់ខ្ពស់ ៖ នៅកម្ពុជាមានអ្នកជំងឺត្រូវការឈាមរៀងរាល់ ៦ នាទីម្តង ដើម្បីសង្គ្រោះអាយុជីវិត
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអះអាងថា ការបរិច្ចាគឈាមមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះជីវិតអ្នកជំងឺផងដែរ ខណៈបច្ចុប្បន្នមានអ្នកជំងឺត្រូវការឈាមជារៀងរាល់ ៦ នាទីម្តង។

ថ្លែងនៅក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលរៀបចំឡើងដោយមន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកថ្ងៃទី ២១ មីនានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានជំរុញឱ្យចូលរួមបរិច្ចាគឈាមឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលមានលទ្ធភាពផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ម្យ៉ាងទៀតការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាការបង្កើតទម្លាប់ និងវប្បធម៌ នៃការចែករំលែកសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គមជាតិ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា តាមផែនការឆ្នាំ ២០២៥ នេះ យើងគ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក កើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ កន្លងទៅ ប្រមូលបាន ១ សែន ៧ ម៉ឺនប្លោក ស្មើនឹង ១% នៃចំនួនប្រជាពលរដ្ឋទូទាំងប្រទេស ១៧ លាននាក់ ដែលជាចំនួនមួយឈានដល់កម្រិតឆ្លើយតបទៅនឹងសូចនាកររបស់អង្គការសុខភាពពិភពលោកដែលបានដាក់ជូនមជ្ឈមណ្ឌលផ្តល់ឈាម។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ឆ្នាំមុនការប្រមូលឈាមមានកំណើនប្រមាណ ២៥% ហើយឈាមទាំងនោះបានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជាវះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមានជំងឺមហារីក និងជំងឺលាងឈាមជាដើម។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សន្ទុះ នៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្នក្នុង ១ ថ្ងៃ យើងមានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះនៅរាជធានីភ្នំពេញមានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក។

លោកវេជ្ជបណ្ឌិត បានអំពាវនាវឱ្យយុវជនបន្តចូលរួមការបរិច្ចាគឈាមនេះឱ្យបានផុលផុសបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិមានស្តុកឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ពិសេសជំងឺមិនឆ្លងដែលមានការកើនឡើង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


