ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងជួយឧបត្ថម្ភថវិកា និងអាហារដល់បេក្ខជនប្រឡងបាក់ឌុប ខេត្តព្រះវិហារ និងឧត្តរមានជ័យរងគ្រោះដោយសារសង្គ្រាមឈ្លានពានថៃ
ក្រសួងអប់រំ យុវជន និងកីឡា នឹងជួយឧបត្ថម្ភថវិកា និងអាហារដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេចូលរួមប្រឡងប្រកបដោយសុវត្ថិភាព និងមានភាពកក់ក្តៅ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២២ សីហា នេះថា សង្គ្រាមឈ្លានពានដែលបង្កឡើងដោយភាគីថៃមានបេក្ខជនភៀសសឹកចំនួន ៦ នាក់ប៉ុណ្ណោះ ក្នុងនោះខេត្តព្រះវិហារ ៤ រូប និងខេត្តឧត្តរមានជ័យ ២ រូប បានប្រឡងនៅតាមខេត្តផ្សេងៗ ក្នុងនោះ នៅភ្នំពេញ ២ នាក់ បាត់ដំបង ១ នាក់ ពោធិ៍សាត់ ២ នាក់ និងកំពង់ស្ពឺ ១ នាក់។ ចំពោះបេក្ខជនខេត្តព្រះវិហារប្រឡងនៅទីរួមខេត្តដដែលមាន ៤ មណ្ឌល ហើយក្រសួងបានផ្តល់ថវិកាដល់បេក្ខជនក្នុង ១ នាក់ ៥ ម៉ឺនរៀល សម្រាប់ការស្នាក់នៅ ការធ្វើដំណើរ និងហូបចុក និងមី ៦ កញ្ចប់ ក្នុងរយៈពេល ២ ថ្ងៃ។ ដោយឡែកសម្រាប់បេក្ខជនខេត្តឧត្តរមានជ័យ ក្រសួង បានរៀបចំឱ្យប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដោយរដ្ឋបាលខេត្តឧត្តរមានជ័យសម្របសម្រួលដឹកជញ្ជូនបេក្ខជនមកប្រឡងហើយស្នាក់នៅតាមសាលារៀនចំនួន ៤ ស្រុកពួក ខេត្តសៀមរាប ហើយក្រសួងបានឧបត្ថម្ភថវិកាដល់បេក្ខជន ១ នាក់ ១០ ម៉ឺនរៀល និងមី ៦ កញ្ចប់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រៅពីផ្តល់កន្លែងស្នាក់នៅ ថវិកា និងអាហារ ក្រសួងក៏មានការជួយឧបត្ថម្ភបន្ថែមទៀតសម្រាប់បេក្ខជនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ ដើម្បីជួយលើកទឹកចិត្តដល់ប្អូនៗ។ ប៉ុន្តែលោកមិនបានប្រាប់ថា ក្រសួង នឹងជួយអ្វីបន្ថែមនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងដំណើរការប្រឡងបាក់ឌុបខាងមុខនេះ ក្រសួងបានត្រៀមគ្រប់សេណារីយោគ្រប់សព្វហើយ ដើម្បីធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន បើទោះបីជាមានបញ្ហាប៉ះទង្គិចដោយប្រដាប់អាវុធសាជាថ្មីទៀតក៏ដោយ។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី មានជំនឿជឿជាក់ទៅលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធានាបាននូវការឈប់បាញ់គ្នា និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រឡងឆ្នាំនេះ ក្រសួងនៅតែបន្តរៀបចំទៅតាមស្តងដារដូចឆ្នាំមុនៗ ដដែលទេ គឺអ្នកចេះជាប់ ហើយលទ្ធផលអាចទទួលយកបានទាំងអស់គ្នា ហើយរំពឹងថាឆ្នាំនេះនឹងមានបេក្ខជនជាប់និទ្ទេស A ច្រើនជាង ២ ២០០ នាក់ ច្រើនជាងឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ បេក្ខជន ត្រូវបានរៀបចំចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។
គួរបញ្ជាក់ថា តួលេខបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន ឃើញថា មានការកើនឡើង ខណៈឆ្នាំមុនការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី ៨ និង ទី ៩ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧ នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេស សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់ , និទ្ទេស B ចំនួន ៩ ៧០១ នាក់ , និទ្ទេស C ចំនួន ២២ ៦៧៥ នាក់ , និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


