ព័ត៌មានជាតិ
កម្ពុជាចង់ឱ្យអឺរ៉ុបបន្តឃ្លាំមើលបញ្ហាព្រំដែន ខណៈយោធាថៃបន្តពង្រីកតំបន់ជម្លោះ
កម្ពុជាថ្លែងប្រាប់ពីការល្មើសកិច្ចព្រមព្រៀងនូវបទឈប់បាញ់របស់ភាគីថៃ ទៅកាន់សហភាពអឺរ៉ុបឱ្យបានដឹង ហើយស្នើឱ្យសហភាពអឺរ៉ុបបន្តតាមដានដោយការយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្នុងរយៈពេលចុងក្រោយនេះ ដែលយោធាថៃបន្តពង្រីកតំបន់ជម្លោះ។

នេះជាការលើកឡើងរបស់អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា នៅក្នុងកិច្ចប្រជុំការងារជាមួយលោក អ៊ីហ្កូ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងស្តារឡើងវិញនូវជីវភាព ស្ថានភាពសេដ្ឋកិច្ចខេត្តតាមបណ្តោយព្រំដែន។

លោកបណ្ឌិត ធន់ វឌ្ឍនា បានគូសរំលេចពីតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការចូលរួមជំរុញដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ ដែលកន្លងមក សហភាពអឺរ៉ុបបានដោះស្រាយជម្លោះជាច្រើនក្នុងឆាកអន្តរជាតិ ។
នៅចំពោះមុខលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកអនុប្រធានព្រឹទ្ធសភា បានលើកអំពីករណីភាគីយោធាថៃពង្រីកតំបន់ជម្លោះ ទៅកាន់ភូមិឋានដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ ព្រមទាំងរំលឹកពីបញ្ហាកងកម្លាំងកម្ពុជាចំនួន១៨នាក់ ដែលភាគីថៃបានចាប់ធ្វើជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់ចូលជាធរមាននេះ រហូតមកដល់ពេលនេះ មិនទាន់មានការប្រគល់ឱ្យកម្ពុជាវិញឡើយ។

បញ្ហាទាំងនេះ នៅតែជាក្ដីកង្វល់របស់កម្ពុជា ហើយក៏ជារឿងដែលអយុត្តិធម៌សម្រាប់កម្ពុជា ដែលរងការបំពានម្ដងហើយម្ដងទៀតពីសំណាក់យោធាថៃ ហើយក៏ជាការរំលោភលើបទឈប់បាញ់ និងច្បាប់អន្តរជាតិផងដែរ។ លោក ធន់ វឌ្ឍនា គូសបញ្ជាក់បែបនេះទៅកាន់លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលន័យនេះ លោក ចង់ឱ្យសហភាពអឺរ៉ុប (EU) និងព្រឹទ្ធសភាកម្ពុជា គួរសហការគ្នា ដើម្បីធ្វើឱ្យស្ថានភាពនេះប្រសើរឡើង និងការពារកុំឱ្យរីករាលដាលបន្ថែមទៀត។
ឆ្លើយតបនឹងកង្វល់របស់កម្ពុជា លោក អ៊ីហ្កូ ឌ្រីសម៉ាន់ បានលើកឡើងថា សហភាពអឺរ៉ុបតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ ដោយសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍និងការអំពាវនាវជាច្រើន ដើម្បីឱ្យមានដំណោះស្រាយដោយសន្តិវិធី។

តាមការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត គឺសហភាពអឺរ៉ុបនៅតែផ្តល់តម្លៃខ្ពស់លើការគោរពច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ ដែលជាថ្មីម្តងទៀត អឺរ៉ុបស្វាគមន៍ចំពោះការសម្រេចបាននូវបទឈប់បាញ់ ក្រោមយន្តការអាស៊ាន កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក។ ដើម្បីធានាបានសន្តិភាពយូរអង្វែង លោកថា សហភាពអឺរ៉ុបបាន ត្រៀមខ្លួនរួចជាស្រេចសហការជាមួយអាស៊ាន ដើម្បីចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះ។
ជាការកត់សម្គាល់ ជាមួយនឹងការសម្ដែងនូវការសោកស្តាយចំពោះការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមកន្លងមកនេះ សហភាពអឺរ៉ុប បានផ្ដល់ជំនួយមនុស្សធម៌ជាថវិកាប្រមាន៧០០,០០០អឺរ៉ូ ស្មើខ្ទង់ ៨១៦,០០០ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


