អ្វីជាភាពខុសគ្នារវាងរដ្ឋប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្វីជាភាពខុសគ្នារវាងរដ្ឋប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា?

បានផុស

នៅ

រដ្ឋប្រហារប្រទេសមីយ៉ាន់ម៉ា-២០២១

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋប្រហារមីយ៉ាន់ម៉ា ឆ្នាំ ២០២១ បានចាប់ផ្តើមនាព្រឹកថ្ងៃទី ១ ខែកុម្ភៈ ស្របពេលដែលសមាជិកជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានទម្លាក់ដោយកងយោធា Tatmadaw។ រដ្ឋប្រហារកើតឡើង ដោយសារកងទ័ពបានជំទាស់នឹងលទ្ធផលបោះឆ្នោត ហើយអះអាងថា ការបោះឆ្នោតនេះ គឺជាការក្លែងបន្លំ។

ក្រោយរដ្ឋប្រហារភ្លាម កងទ័ពបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំ ហើយផ្ដល់អំណាចមេដឹកនាំកំពូលមីយ៉ាន់ម៉ា ប្រគល់ទៅឱ្យអគ្គមេបញ្ជាការយោធា Min Aung Hlaing ។

រដ្ឋប្រហារនេះកើតឡើងមួយថ្ងៃមុនពេលដែលសភាមីយ៉ាន់ម៉ាត្រូវស្បថចូលកាន់តំណែងក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០២០។

លោកប្រធានាធិបតី Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី ត្រូវបានឃុំខ្លួនរួមជាមួយរដ្ឋមន្រ្តី ក៏ដូចជាអ្នកតំណាងរាស្ត្រ និងសមាជិកសភាទាំងអស់។

លុះមកដល់ថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតី Win ត្រូវបានចោទប្រកាន់ពីបទរំលោភគោលការណ៍រឹតត្បិតវីរុសកូវីដ១៩ ក្នុងមាត្រា ២៥ នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ ប៉ូលីសក៏បានចោទប្រកាន់លោកស្រី ស៊ូជី ពីបទរំលោភគោលការណ៍សង្គ្រោះបន្ទាន់លើវីរុសកូវីដ១៩ និងការនាំចូលក៏ដូចជាប្រើប្រាស់ដោយខុសច្បាប់នូវឧបករណ៍វិទ្យុទំនាក់ទំនង ជាពិសេសដកហូតបានឧបករណ៍ ICOM ចំនួន ៦ គ្រឿងពីក្រុមសន្តិសុខរបស់លោកស្រី ។

មុនរដ្ឋប្រហារឆ្នាំ ២០២១

នៅឆ្នាំ ១៩៩០ ការបោះឆ្នោតដោយសេរីត្រូវបានអនុញ្ញាត ហើយទីបំផុតជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីបានទៅលើគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី ។ ទោះយ៉ាងណាយោធារដ្ឋ បដិសេធមិនប្រគល់អំណាច និងបានចាប់ឃុំខ្លួនលោកស្រី​ស៊ូជីក្នុងផ្ទះ។

យោធាបន្តកាន់អំណាចអស់រយៈពេល ២២ ឆ្នាំ រហូតដល់ឆ្នាំ ២០១១។ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០១៥ ការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យបណ្តោះអាសន្នបានចាប់ផ្តើម ហើយការបោះឆ្នោតនៅឆ្នាំ ២០១៥ នាំឱ្យគណបក្សរបស់លោកស្រីស៊ូជីឈ្នះឆ្នោតសារជាថ្មី ប៉ុន្តែយោធាមិនព្រមប្រគល់សិទ្ធិអំណាចក្នុងការតែងតាំងសមាជិកសភាឡើយ។

បន្ទាប់ពីការបោះឆ្នោតសកលនាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលក្នុងនោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឈ្នះ ៣៩៦ ក្នុងចំណោមអាសនៈ ៤៧៦ នៅក្នុងសភា។ រីឯគណបក្សតំណាងយោធាគឺគណបក្សសាមគ្គីភាពនិងការអភិវឌ្ឍបានឈ្នះតែ ៣៣ អាសនៈប៉ុណ្ណោះ ដែលមូលហេតុនេះនាំឱ្យយោធាមិនពេញចិត្ត ហើយចាត់ទុកលទ្ធផលឆ្នោតថាជាការក្លែងបន្លំ។

ប្រតិកម្មអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​ UN សម្រេចមិនថ្កោលទោសរដ្ឋប្រហារ ប៉ុន្តែបានអំពាវនាវឲ្យមានការដោះលែងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួន។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន អំពាវនាវដល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាឲ្យ “លះបង់អំណាច” ហើយទាមទារឲ្យពួកគេដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួនហើយរដ្ឋបាលរបស់លោកក៏កំពុងពិចារណាលើទណ្ឌកម្ម។

មេដឹកនាំប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីស្នើឲ្យមានកិច្ចប្រជុំពិសេសមួយនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

រដ្ឋប្រហារនៅប្រទេសថៃ២០១៤

នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ កងយោធពលភូមិន្ទដែលដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា មេបញ្ជាការកងទ័ពបានបើកធ្វើរដ្ឋប្រហារជាប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងបងប្រុសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្ទាប់ពីមានវិបត្តិនយោបាយរយៈពេល ៦ ខែ។ ពួកគេបានបង្កើតរបបយោធាថ្មីដែលមានឈ្មោះថា ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដើម្បីគ្រប់គ្រងប្រទេស។ នេះក៏ជារដ្ឋប្រហារលើកទី ១២ នៅក្នុងប្រទេស រាប់ចាប់តាំងពីរដ្ឋប្រហារលើកដំបូងកាលពីឆ្នាំ ១៩៣២ ។

បន្ទាប់ពីរំលាយរដ្ឋាភិបាលនិងព្រឹទ្ធសភា NCPO បានប្រគល់អំណាចនីតិប្រតិបតិ្តនិងនីតិប្បញ្ញត្តិក្នុងការដឹកនាំរបស់ខ្លួន ហើយផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ បានលុចោល លើកលែងតែជំពូកទី ២ ដែលទាក់ទងនឹងព្រះមហាក្សត្រ។ NCPO ប្រកាសច្បាប់អាជ្ញាសឹក និងបំរាមគោចរនៅទូទាំងប្រទេសហាមឃាត់ការប្រមូលផ្តុំនយោបាយ ឃុំខ្លួនអ្នកនយោបាយនិងសកម្មជនប្រឆាំងរដ្ឋប្រហារ ត្រួតពិនិត្យទំនាក់ទំនងតាមអ៊ិនធរណេត និងគ្រប់គ្រងប្រព័ន្ធ​ផ្សព្វផ្សាយទាំងស្រុង។

NCPO បានចេញរដ្ឋធម្មនុញ្ញបណ្តោះអាសន្នមួយដោយផ្តល់ការលើកលែងទោស និងផ្ដល់អំណាចដល់ខ្លួនឯង។ ពួកក៏បានបង្កើតស្ថាប័ននីតិប្បញ្ញត្តិជាតិដែលត្រួតត្រាដោយយោធា និងក្រោយមកទៀតបោះឆ្នោតជ្រើសតាំងឧត្តមសេនីយ៍ ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេស។

មុនការធ្វើរដ្ឋប្រហារ

នៅក្នុងការបោះឆ្នោតឆ្នាំ ២០១១ គណបក្សភឿថៃឈ្នះឆ្នោតយ៉ាងគ្រឹកគគ្រេង ហើយបានបង្កើតរដ្ឋាភិបាលដោយមានលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ធ្វើជានាយករដ្ឋមន្ត្រី។

នៅខែវិច្ឆិកា ឆ្នាំ ២០១៣ បាតុកម្មប្រឆាំងរដ្ឋាភិបាលបានលេចឡើង។ បាតុកម្មដឹកនាំដោយអតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យលោក Suthep Thaugsuban បណ្ដាលឱ្យមានអំពើហឹង្សារវាងប្រជាជាតិ និងមានអ្នកស្លាប់ព្រមទាំងរបួសជាច្រើននាក់។

មកដល់ខែធ្នូ ឆ្នាំ ២០១៣ លោកស្រី យីងឡាក់ រំលាយសភាតំណាងរាស្ត្រ និងបានកំណត់ពេលបោះឆ្នោតជាសកលនៅក្នុងថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៤។ ការរំខានដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នាំឱ្យការបោះឆ្នោតមិនបានបញ្ចប់នៅថ្ងៃនោះទេ។

ការបោះឆ្នោតត្រូវបានទុកជាមោឃៈនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៤។ លុះដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៤ តុលាការធម្មនុញ្ញដកហូត លោកស្រី យីងឡាក់ និងរដ្ឋមន្ត្រីជាន់ខ្ពស់ ៩ រូបផ្សេងទៀតពីតំណែងជាផ្លូវការ។

ផលប៉ះពាល់ពីរដ្ឋប្រហារឆ្នាំ ២០១៤

សហរដ្ឋអាមេរិកបានព្យួរជំនួយយោធាចំនួន ៣.៥ លានដុល្លារ កញ្ចប់ជំនួយទូទៅចំនួន ១០.៥ លានដុល្លារ និងលុបចោលទំនាក់ទំនងយោធារួមទាំងការធ្វើទស្សនកិច្ច ព្រមទាំងការហ្វឹកហាត់យោធាផងដែរ។ ក្រៅពីនោះភ្ញៀវទេសចរលុបចោលការធ្វើដំណើរទៅកាន់ប្រទេសថៃ នាំទេសចរបរទេសធ្លាក់ចុះ ២០%។

ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមួយចំនួនរវាងថៃនិងរដ្ឋជិតខាងត្រូវបានបិទបន្ទាប់ពីរដ្ឋប្រហារ។

រដ្ឋប្រហារក៏បណ្តាលឱ្យមានការលុបចោលការប្រគុំតន្រ្តីរបស់តារាចម្រៀងជនជាតិអាមេរិកាំង Taylor Swift ដែលបានគ្រោងទុកកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៤ នៅទីក្រុងបាងកក ក៏ដូចជាការពន្យាពេលព្រឹត្តិការណ៍ជាច្រើនរួមទាំងកម្មវិធីពិព័រណ៍សហរដ្ឋអាមេរិក។

BBC រាយការណ៍នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៤ ថា ប្រជាជនកម្ពុជាជាង ១៨ ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសថៃ បន្ទាប់ពី NCPO ប្រកាសការបង្ក្រាប៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រដ្ឋប្រហារយោធាទាំង ៩ ដែលធ្វើឱ្យកក្រើកពិភពលោករយៈពេលមួយទសវត្សរ៍ចុងក្រោយ

ចុចអាន៖ ២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services