Connect with us

អាជីព

ឧកញ៉ា សួរ វីរៈ ផ្ដើមពីអ្នកនាំភ្ញៀវទេសចរដើរលេង រហូតបើកក្រុមហ៊ុនដឹកជញ្ជូន ឈានមុខមួយនៅកម្ពុជា

បានផុស

នៅ

លោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើរឥវ៉ាន់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ មែនទែនទៅ ការបង្កើតក្រុមហ៊ុននេះ គឺផ្ដើមចេញពីពេល​ដែលលោកឧកញ៉ា សួរ វីរៈ ប្រកបអាជីពជាអ្នកនាំភ្ញៀវទេសចរបរទេស ដើរលេងកម្សាន្តនៅរមណីដ្ឋាននានា នៅខេត្ត​កោះកុង។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗ ជុំវិញការសិក្សា ការងារ និងមុខជំនួញ របស់លោកឧកញ៉ា សួរ វីរៈ។

លោកឧកញ៉ា សួរ វីរៈ កើតនៅឆ្នាំ ១៩៨១ ហើយមានស្រុកកំណើត ភូមិនាថទង ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្ត​កំពង់​ធំ។ ​ឪពុករបស់លោក ជាមន្ត្រីមន្ទីរឃោសនាការស្រុក កាលពីជំនាន់នោះ រីឯម្ដាយរបស់លោក គឺជាអាជី​​វ​ករលក់ដូរនៅក្នុងផ្សារ។ លោក សួរ វីរៈ មានបងប្អូន ៤នាក់​ ហើយក្នុងនោះលោក ជាកូនទី ៣ ក្នុងគ្រួសារ។

កុមារា វីរៈ ចូលរៀនបឋមសិក្សា អនុវិទ្យាល័យ និងបញ្ចប់ថ្នាក់វិទ្យាល័យនៅឯស្រុកកំណើត។ បន្ទាប់ពីបញ្ចប់ថ្នាក់ទី ១២ យុវជនរូបនេះ ក៏បានធ្វើដំណើរមកបន្តការសិក្សា នៅរាជធានីភ្នំពេញ ដើម្បីរៀនត្រៀមប្រឡងចូ​លថ្នាក់​មហា​វិទ្យា​ល័យ។ យុវជន សួរ វីរៈ បានដាក់ពាក្យចូលរៀនច្រើនកន្លែងដែរ តែជាប់ជាគ្រូបង្រៀន។ ប៉ុន្តែដោយសារការចំណាយ​ច្រើន ហើយពេលនោះគ្រួសារខ្វះខាតផង ទើបបោះបង់ចោល ហើយបានបន្តទៅរស់នៅខេត្តកោះកុង។ ទៅដល់​ខេត្ត​​កោះកុង លោក វីរៈ បានបន្តការសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងសេដ្ឋកិច្ច។

លោកឧកញ៉ា សួរ វីរៈ បានរំលឹកថា ទៅដល់ខេត្តកោះកុងដំបូង រូបលោកទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ ហើយ​ពេល​នោះ លោកបានជួយលក់ផ្លែឈើ ជាមួយម្ដាយនៅផ្សារខេត្តកោះកុង បន្ទាប់ពីទំនេរពីការសិក្សា។ ប្រហែលជា ១ឆ្នាំក្រោយមក ខេត្តកោះកុងចាប់ផ្ដើមមានភ្ញៀវបរទេស ចូលមកលេង ហើយពេលនោះលោក សួរ វីរៈ ចេះភាសា​អង់គ្លេសផង និងដោយសារមានការជំរុញពីបងប្រុស ជាអ្នកដឹកភ្ញៀវទេសចរផង លោកក៏សម្រេចចិត្តធ្វើ ជាអ្នកនាំ​ភ្ញៀវ​ដើរលេងកម្សាន្ដ នាពេលនោះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកបអាជីព ជាអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្តនោះ លោក វីរៈ អាចរកចំណូលក្នុង ១ខែបាន​ប្រមាណ ២០០ ទៅ ៣០០ដុល្លារអាមេរិក។ ចំពោះបញ្ហាប្រឈម សម្រាប់លោកនាពេលនោះ គឺការអ្នកដឹកភ្ញៀវ​ទេស​ចរដើរលេង ជាអាជីពដំបូងរបស់លោក ហើយពេលនោះក៏មិនសូវមានភ្ញៀវច្រើននោះដែរ។ នៅពេលនោះដែរ លោក សួរ វីរៈ ពុំមានមធ្យោបាយធ្វើដំណើរទៅធ្វើការនោះទេ ដោយត្រូវខ្ចីម៉ូតូរបស់បងប្រុស តែនៅពេលបងប្រុស​រវល់ដែរ លោកត្រូវជួលម៉ូតូគេ ដើម្បីជូនភ្ញៀវទេសចរដើរលេងកម្សាន្ដ។ 

ចំពោះដើមចមដំបូង ដែលនាំឲ្យអ្នកជំនួញរូបនេះ សម្រេចបើកក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ វីរៈប៊ុនថាំ អេចប្រេស នោះ ក៏កើតឡើងបន្ទាប់ពីលោកប្រកបការងារ ជាអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្ដ ផងដែរ។ លោក បាន​រៀប​រាប់ថា នៅពេលលោកជូនភ្ញៀវដើរលេង នៅខេត្តកោះកុងនាជំនាន់នោះ មិនទាន់មានផ្លូវគោកចូលទៅ​ដល់​នៅ​ឡើយទេ ដោយអ្នកដែលចង់ទៅខេត្តកោះកុង ត្រូវធ្វើដំណើរតាមផ្លូវទឹក។ នៅក្នុងអំឡុងពេល លោកជូនភ្ញៀវនោះ​ដែរ លោក វីរៈ មានគំនិតថា ចង់បើកឲ្យមានផ្ទះសំណាក់របស់ខ្លួនឯងមួយ ដើម្បីឲ្យភ្ញៀវមកស្នាក់នៅ ពេលពួក​គេមកដល់ខេត្តកោះកុង ព្រោះលោកជាអ្នកនាំពួកគេដើរលេងស្រាប់ ហើយលោកក៏ស្គាល់ភ្ញៀវទេសចរណ៍ច្រើន ផងដែរ។

នៅឆ្នាំ ២០០២ លោក វីរៈ បានសន្សំលុយរហូតអាចជួលផ្ទះវីឡាគេមួយ ហើយកែច្នៃផ្ទះនោះជាផ្ទះសំណាក់មាន ១៦បន្ទប់។ ចំពោះភ្ញៀវដែលគេង នៅផ្ទះសំណាក់របស់លោកនោះ គឺភាគច្រើនធ្វើដំណើរបន្តពីខេត្តកោះកុង ទៅ​កាន់​ខេត្តព្រះសីហនុ។ ដូច្នេះនាពេលនោះ លោកស្រម៉ៃថា ប្រសិនបើមានផ្លូវពីខេត្តកោះកុង ទៅរាជធានីភ្នំពេញ និងទៅខេត្តព្រះសីហនុនោះ លោកចង់បើកឲ្យមានក្រុមហ៊ុន ដឹកភ្ញៀវទេសចរដោយឯងតែម្ដង។ ក្រោយមក​នៅឆ្នាំ ២០០៤ ក៏មានការតភ្ជាប់ផ្លូវគ្រួសក្រហមពីកោះកុង ទៅខេត្តព្រះសីហនុ ហើយពេលនោះលោកក៏ទិញឡានតួរីស​មួយ​គ្រឿង ដើម្បីដឹកអ្នកដំណើរពីកោះកុង ទៅខេត្តព្រះសីហនុតែម្ដង។

ពីដំបូងលោកត្រូវបើកបរឡានដោយខ្លួនឯងផង និងជូនភ្ញៀវទេសចរដើរលេងកម្សាន្តផង រយៈពេល ៣ខែ រហូត​ដល់មានកំណើនភ្ញៀវធ្វើដំណើរ ទើបលោក​ សួរ វីរៈ បានបន្តទិញរថយន្តដឹកអ្នកដំណើរជាបន្តបន្ទាប់ទៀត។ ក្រោយ​មកទៀត លោកក៏បានពង្រីកការដឹកអ្នកដំណើរពីខេត្តកោះកុង ទៅកាន់រាជធានីភ្នំពេញបន្ថែមទៀត រហូតមកពេល​នេះ គឺបានពង្រីកការដឹកជញ្ជូនអ្នកដំណើរ នៅទូទាំង ២៥រាជធានី-ខេត្ត ដោយមានរថយន្តទំនើបៗ ជិត១០០​គ្រឿង​។

កាលពីពេលកន្លងទៅ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ធ្លាប់ទទួលរងនូវការរិះគន់ អំពីបញ្ហាជួបគ្រោះថ្នាក់​ចរាចរ​ណ៍មួយចំនួនដែរ។ ត្រង់ចំណុចនេះ លោកឧកញ៉ា​ សួរ វីរៈ បានឆ្លើយតបថា កាលពីពេលមុនមក ផ្លូវធ្វើដំណើរនៅ​ក្នុងប្រទេសរបស់យើងមួយចំនួន មានការលំបាក និងកំពុងសាងសងផងដែរ ហើយកត្តាយល់ដឹងរបស់អ្នកបើកបរ ក៏​នៅមានកម្រិត ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីសិក្សា រកឬសគល់រួចមកហើយ លោក សួរ វីរៈ ក៏បានបង្កើតឲ្យមានការបណ្ដុះបណ្ដាល និងរៀនសូត្រច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ ​ក្នុងមួយ​សប្ដាហ៍ម្ដង សម្រាប់អ្នកបើកបររថយន្តទាំងអស់ នៅក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។ មកដល់ពេលនេះ បញ្ហាគ្រោះថ្នាក់ច​រាច​រ​ណ៍ ដែលកើតឡើងដោយរថយន្តរបស់ វីរៈប៊ុនថាំ អេចប្រេស នៅទូទាំងប្រទេស ស្ទើរតែមិនមានទៀតឡើយ។

បញ្ហាការរាតត្បាតជំងឺកូវីដ-១៩ គឺជាបញ្ហាសកល ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច-សង្គម ទៅលើប្រទេសនានា​នៅ​លើពិភពលោក។ មិនខុសគ្នាដែរ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ បញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា សួរ វីរៈ បានជួបប្រឈមដែរ។ ប៉ុន្តែលោកបានបង្វែរស្ថានការណ៍សិន ពីការដឹកជញ្ជូនអ្នក​ដំណើរ ទៅជាការដឹកជញ្ជូនទំនិញ និងទទួលបញ្ញើរវិញ ហើយក្នុងពេលកូវីដ-១៩ ជិត ២ឆ្នាំមកហើយនេះ អាជីវកម្ម​នេះ មានការរីកចំរើនជាខ្លាំង។ ដូច្នេះហើយ ទើបធ្វើក្រុមហ៊ុនរបស់លោក នៅតែអាចបន្តស្ថិរភាពល្អ ហើយបុគ្គលិក​ទាំងអស់នៅ​តែមានការងាធ្វើ និងទទួលបានប្រាក់ខែដដែល។

បន្ថែមលើនេះនៅចុងខែកក្កដា ឆ្នាំ ២០២១កន្លងទៅនេះ ក្រុមហ៊ុនរបស់លោកឧកញ៉ា សួរ វីរៈ បានជួបបញ្ហា​មួយ​ទៀត ​នោះគឺគ្រោះអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្តអស់ជាច្រើនគ្រឿង។ ចំពោះហេតុការណ៍នេះ លោកឧកញ៉ា សួរ វីរៈ បានតក់ស្លូតដែរ តែគ្មានបំណងចង់បោះបង់នូវមុខជំនួញនេះឡើយ។ លោកបានប្រាប់សហការីថា កុំបាក់ស្មារតី ហើយ​ឡានដែលឆេះនោះ យើងអាចទិញវិញបាន។ លោកថា បើការឆេះឡាននេះ មិនប៉ះពាល់ដល់អ្នកដំណើរ ឬ​ប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញភ្ញៀវទេ វាមិនបានប៉ះពាល់សេវាកម្មរបស់វីរៈប៊ុនថាំ តែវាប៉ះពាល់ដល់ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនប៉ុណ្ណោះ។ លោកឧកញ៉ា សួរ វីរៈ បាននិយាយថា «ពេលហ្នឹងយើងកត់ស្លុតដែរ នៅពេលឃើញឡានឆេះច្រើន ហើយវាក៏ចំណាយអស់ច្រើនដែរ តែកម្លាំងចិត្តមួយប្រាប់ថា យើងអស់ទ្រព្យ តែអាជីវកម្មនៅ»។

ក្រោយការតស៊ូពុះពារ អស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានក្លាយជាក្រុមហ៊ុនដឹកអ្នក​ដំណើរនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា សួរ វីរៈ បាននិយាយដោយមោទនភាពថា បន្ទាប់ពីប្រឹង​ប្រែង អស់រយៈពេលជាច្រើនឆ្នាំមកនេះ មកដល់ពេលនេះក្រុមហ៊ុនរបស់លោក បានប្រែក្លាយជាក្រុមហ៊ុនដឹក​អ្នក​ដំណើរ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនដឹកជញ្ជូនបញ្អើរទំនិញឆាប់រហ័ស ទាំងក្នុងប្រទេស និង​ក្រៅប្រទេសឈានមុខគេមួយផងដែរ។ លោកឧកញ៉ា សួរ វីរៈ បាននិយាយបន្តថា ពីមុនមកក្រុមហ៊ុនរបស់​លោក គិតថាប្រកួតប្រជែងតែក្រុមហ៊ុនក្នុងស្រុក​ទេ តែ​ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនបញ្អើរទំនិញរបស់លោក​ដែល​មាន ៦០០សាខា បាននិងកំពុងប្រកួតប្រជែងជា​មួយក្រុមហ៊ុនបរទេស ដែលចូលមករកស៊ីក្នុង​ប្រទេសកម្ពុជា​ថែម​ទៀត។

រយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន​បញ្ញើរ​ទំនិញ របស់លោកឧកញ៉ា សួរ វីរៈ បានពុះពារឧបសគ្គជាច្រើន ហើយក៏បានរៀននូវបទពិសោធន៍នានា ដែល​ត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស ទាំងផ្នែកសេវាកម្ម បុគ្គលិក ប្រព័ន្ធតិចណូឡូជីជាដើម។ ត្រង់ចំណុចនេះ​លោកបាននិយាយថា «ជាផ្លែផ្កាមក គឺយើងបានទទួលជោគជ័យច្រើន មកដល់ពេលនេះ ការប្រកួតប្រជែងទោះបី​ជា មានទំហំធំ តែយើងនៅតែៗ ឈរជាលេខរៀងលំដាប់លេខ ១ នៅ​ស្រុក​ខ្មែរ អញ្ចឹងវាជាមោទនភាព របស់ប្រជា​ជន​ខ្មែរផង ដែលយើងអាចប្រកួតប្រជែង ជាមួយក្រុមហ៊ុនបរទេស ដែលគេមានប្រវត្តិជោគជ័យ នូវស្រុកក្រៅច្រើន ហើយយើងនៅតែអាចឈរជើងបាន ជាលំដាប់ទី ១​រហូតដល់​ពេលនេះ ហើយក៏ខ្ញុំសង្ឃឹមថា យើងនឹងប្រឹងប្រែងឲ្យនៅលំដាប់លេខ ១ រហូតទៅមុខទៀត»។

បច្ចុប្បន្ននេះលោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ហើយក៏បានមុខជំនួញផ្សេង​ទៀតដែរ ដែល​លោកចូលចិត្ត គឺមុខជំនាញពាក់ព័ន្ធនឹងដីធ្លី និងការសាងសង Resort។ កាលពីពេលថ្មីៗ នេះ លោកក៏បានបង្កើតផ្សារអេឡិចត្រូនិច VTENH ដែលជាផ្សារលក់ទំនិញតាម Onlineទំនើបផងដែរ។ លោកឧកញ៉ា សួរ វីរៈ បាន​កត់​សម្គាល់ឃើញថា យុវជនជំនាន់ក្រោយភាគច្រើន មានផ្នត់គំនិតចង់បង្កើតអាជីវកម្ម តែពួកគេមានការ​រារែក​។ រារែកក៏​ព្រោះ​តែពួកគេ មិនច្បាស់អំពីខ្លួនឯង ហើយម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងបញ្ហាធនធានថវិកា និងបទ​ពិសោ​ធន៍​។

អ្នកជំនួញកំពុងជោគជ័យ លើវិស័យដឹកជញ្ជូនរូបនេះ បានលើកជាយោបល់ដល់យុវជនជំនាន់ក្រោយថា ប្រសិនចង់​បង្កើត​អាជីវកម្មមួយថ្មី យុវជនត្រូវច្បាស់ក្នុងចិត្តខ្លួនឯងថាតើ ខ្លួនមានកម្លាំងចិត្តគ្រប់គ្រាន់ឬអត់? ហើយចំណេះ​ដឹង ចំពោះអាជីវកម្មដែលខ្លួនចង់នោះ មានកម្រិតណា? ប្រសិនបើមិនមាន តើថាខ្លួនយើងត្រូវមានអ្នកណា ជួយ​នាំផ្លូវដែរឬទេ? លោកឧកញ៉ា សួរ វីរៈ បានលើកឡើងទៀតថា ដើម្បីបង្កើតអាជីវកម្មមួយ យើងត្រូវសិក្សាអំពី​បរិយា​កា​ស​​នៃអាជីវកម្មនោះឲ្យច្បាស់ ថាតើផលលំបាកនៃអាជីវកម្មនោះ មានអ្វីខ្លះ? យើងត្រូវគិតអវិជ្ជមានឲ្យបានច្រើន ចំពោះអាជីវកម្មនោះ តែមិនមែនគិតរហូតដល់លែងហ៊ាន ចាប់ផ្ដើមអាជីវកម្មនោះឡើយ ព្រោះអាជីវកម្មណា​ក៏​ដោយ​ក៏ត្រូវប្រថុយដែរ គ្មានអាជីវកម្មណាដែលមិនប្រថុយទេ ត្រូវតែហ៊ានប្រថុយ តែត្រូវគិតអំពីគុណវិបត្តិឲ្យ​បាន​ច្រើន ដើម្បីយើងគិតទុកឲ្យហើយថា នៅពេលដែលវាមានបញ្ហាកើតឡើង យើងអាចដោះស្រាយវាបាន។

លោកឧកញ៉ា សួរ វីរៈ បានបន្ថែមថា យើងត្រូវហ៊ានប្រថុយប្រថាន តែប្រថុយប្រថានជាមួយគោលការណ៍ច្បាស់​លាស់ ហើយកុំប្រថុយដោយអំនួត។ កន្លងមានអ្នកប្រថុយ ដោយអំនួតបានបរាជ័យ ក្នុងអាជីវកម្មរបស់ខ្លួន ដោយ​មិនបានគិតដោយទទួលខុសត្រូវឡើយ គឺគិតថាដឹងតែបានជោគជ័យ ​តែការពិតបរិយាកាសនៅក្នុងអាជីវកម្ម គាត់​សិក្សាមិនបានអស់នោះទេ ហើយមិនបានព្យាយាមដកពិសោធន៍ពីរាមច្បង។ អ្វីដែលលោកឧកញ៉ា សួរ វីរៈ ឃើញ​យុវជនមួយចំនួន ទទួលបានជោគជ័យក្នុងអាជីវកម្ម ហើយបានមកជួបលោកដែរនោះ គឺយុវជននោះ ជាយុវជន​ឆ្លាត ដោយបានសិក្សាអំពីបទពិសោធន៍អ្នកចាប់ផ្ដើមុន និងហ៊ានសួរថា ហេតុ​អ្វីបានជារាមច្បងបរាជ័យត្រង់​ចំណុច​នេះ និងហេតុអ្វីបានជារាមច្បង ចាប់ផ្ដើមខុសត្រង់ចំណុចនេះ? ហើយនៅពេលទទួលបានបទពិសោធន៍ និងការ​ណែ​នាំ​ពីរាមច្បងហើយ យុវជនដែលឆ្លាតនោះ នឹងខិតខំកែតម្រូវ ព្រមទាំងមិនដើរផ្លូវខុសឡើយ ព្រោះ​គេទទួល​បាន​ការបំភ្លឺផ្លូវ ពី​រាម​ច្បងរួចទៅហើយ។

លោកឧកញ៉ា សួរ វីរៈ បានបញ្ចេញទស្សនៈបន្ថែមថា ការមិនបោះបង់នូវគំនិតខ្លួនឯង ក៏ជាចំណុចនាំទៅដល់​ភាព​ជោគ​ជ័យផងដែរ។ អ្នកខ្លះ ចាប់ផ្ដើមអាជីវកម្មភ្លាម មើលទៅមិនចង់ទៅមុខ គាត់ក៏អស់កម្លាំងចិត្ត ហើយមិនបាន​ប្រឹង​ប្រែង​ និងពុះពារឲ្យដល់ទីបញ្ចប់នោះទេ គ្រាន់តែចាប់ផ្ដើមភ្លាមមើលទៅរាងធ្លាក់បន្តិច ហើយដល់តង់ទីពីរគាត់​ក៏​គិតថា ប្រហែលជាទៅមិនរួចទេ ដោយគាត់មិនបានគិតរកនូវចំណុចខ្វះខាត ថា ហេតុអ្វីបានជាអាជីវកម្មខ្លួនមិន​ទៅមុខ? ដោយសារមិនអភិវឌ្ឍន៍សេវាកម្ម ឬផលិតផលរបស់ខ្លួន ឬយ៉ាងណា? អ្នកខ្លះទៀត គាត់មានឆន្ទៈថា គាត់​នឹង​ធ្វើវាឲ្យបាន តែបែរជាគាត់ធ្វើមិនបានទៅវិញ។ ចំណុចសំខាន់មួយទៀតនោះ គឺមានជំនាញពិតប្រាកដ របស់​​ខ្លួនឯង​។ យើងត្រូវសួរ ថាតើខ្លួនឯងមានជំនាញខាងអាជីវកម្មហ្នឹងឬអត់? ប្រសិនបើខ្លួនឯង មិនមានជំនាញ​ហ្នឹងទេ កុំ​ចំណាយ​​ពេល​វេលាលើអាជីវកម្មហ្នឹងអី គួរតែឆ្លៀតពេលទៅធ្វើការជាមួយគេ ដើម្បីយកបទពិសោធន៍​លើអាជីវកម្ម​មួយហ្នឹងវិញ ទើបជាការល្អ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម