សន្តិសុខសង្គម
លម្អិត ការស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជន រំដោះមេខ្លោងគ្រឿងញៀន នៅខេត្តសៀមរាប
នៅមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះមេខ្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស ៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានអះអាងថា ក្រោយពីទទួលបានបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និង ស្នងការខេត្តសៀមរាប ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនឧក្រិដ្ឋជនប្រដាប់អាវុធ ៧នាក់ (ប្រុស ៦នាក់ ស្រី ១នាក់) ដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេខ្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។

នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន ៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារ ប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន ៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានរៀបរាប់ទៀតថា ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន។

នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់បានទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់ ចំនួន ៧នាក់។ ដោយឡែក សម្រាប់មេខ្លោងពិរុទ្ធជននោះ បានរត់គេចខ្លួនចេញទៅក្រៅប្រទេស។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានដឹងទីតាំងប្រទេសដែលមេក្លោងនោះរត់ទៅលាក់ខ្លួនហើយ ហើយកំពុងតែសហការគ្នាយ៉ាងស្អិតរមួតជាមួយប្រទេសជិតខាង ដើម្បីតាមការចាប់ខ្លួនឲ្យខាងតែបាន និងយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនអាចលើកលែងបានឡើយ។ នាយឧត្តមសេនីយ៍ បន្ដថា កម្លាំងសមត្ថកិច្ចតាមព្រំដែនក៏កំពុងសហការគ្នាដើម្បីស្រាវជ្រាវបន្ដទៀតផងដែរ។
ដោយឡែក ចំពោះចម្ងល់ថា តើករណីនេះអាចមានការឲ្យដៃពីផ្ទៃក្នុងដែរឬទេ? នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា ក្នុងនាមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់ កម្លាំងជំនាញនឹងស្រាវជ្រាវលើចំណុចនេះ ដើម្បីបញ្ចប់រាល់មន្ទិលសង្ស័យទាំងឡាយដែលបានលើកឡើង ក្នុងករណីរកឃើញមានការពាក់ព័ន្ធកម្រិតណានោះ នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមានមិនលើកលែងឡើយ។
ឆ្លើយតបចំពោះការលើកឡើងថា ហេតុការណ៍នេះអាចដោយមានភាពចន្លោះប្រហោងរបស់អនុរក្សពន្ធនាគារដែរ ឬទេ? នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានទទួលស្គាល់ថា នេះអាចនិយាយបានថា ភាពចន្លោះប្រហោងរបស់សមត្ថកិច្ចពិតមែន ដោយសារតែកន្លងទៅ កម្ពុជាមិនដែលធ្លាប់មានករណីខ្មាន់កាំភ្លើងសម្រុកចូលមករំដោះអ្នកទោសបែបនេះឡើយ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា អនុរក្សពន្ធនាគារនៅពេលបញ្ជូនពិរុទ្ធជនមេក្លោងគ្រឿងញៀននេះ ទៅកាន់គ្លីនិចធ្មេញ ក៏មានអាវុធទៅជាមួយដូចគ្នាដែរ ប៉ុន្ដែជាប្រភេទអាវុធវែងទុកនៅក្នុងរថយន្ដ។ ប៉ុន្ដែពេលនោះ ប្រសិនបើអនុរក្សពន្ធនាគារ មានកាំភ្លើងកាន់នៅក្នុងដៃ ច្បាស់ណាស់នឹងមានការប៉ះទង្កិចគ្នាជាមួយក្រុមឧក្រិដ្ឋជន ហើយកាន់តែច្បាស់ទៀតនោះ គឺនឹងមានអ្នករងរបួស ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន។
ចំពោះមុខនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា កម្លាំងនគរបាលជាតិ និងអនុរក្សពន្ធនាគារ នឹងបង្កើនការយកចិត្តទុកដាក់ឲ្យកាន់តែខ្ពស់បន្ថែមទៀត នៅពេលបញ្ជូនអ្នកជាប់ទោសទៅកាន់គោលដៅណាមួយ ដើម្បីទប់ស្កាត់ និងបង្ការមិនឲ្យមានបទល្មើសប្រភេទនេះកើតឡើងទៀតឡើយ។
សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


