សន្តិសុខសង្គម
បង្ហាញមុខជនសង្ស័យប៉ុនប៉ងឃាតកម្ម និងប្លន់ ចំនួន ៤ នាក់ នៅស្នងការដ្ឋានរាជធានីភ្នំពេញ
ជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះ មានម្នាក់ ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្ដាលឲ្យរងរបួសធ្ងន់) ក្នុងខណ្ឌដង្កោ និង ៣ នាក់ ទៀត ប្រើកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូ។

កាលពីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យទាំង ៤ នាក់ ជាសាធារណៈផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយមានបទបញ្ជាពី លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

លោកឧត្ដមសេនីយ៍ត្រី បន្តទៀតថា ជនសង្ស័យចំនួន ៤ នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសចំនួន ២ ករណី ដោយករណីទី១.ប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៦ និង ៣៥ នាទី ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ជនសង្ស័យ ឈ្មោះ អ៊ុត ឆេងហ៊ត ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ ស្រាវជ្រាវ ហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង។

លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា បន្ថែមថា ករណីទី២.អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា(យកកាំបិតបុ័ងតោកាប់ជនរងគ្រោះដាច់រយះកំភួនដៃឆ្វេងរងរបួសដេរចំនួន ៧ ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ទឹកក្រូច ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ព្រះវិហារ ១០-៣៤១៩) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ ២០១១ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤។

បន្ទាប់ពីមានករណីប្លន់ នគរបាលខណ្ឌព្រែកព្នៅ ក៏បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ៣ នាក់ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ចំណុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូតូធ្វើសកម្មភាព ១ គ្រឿង និងកាំបិតបុ័ងតោ ១ ដើម។

លោកឧត្ដមសេនីយ៍បានឲ្យដឹងទៀតថា កន្លងមក បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមិនទុកចោលនោះទេ តែងតែធ្វើការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានជនសង្ស័យបានជាបន្តបន្ទាប់ដូចជាករណីប៉ុនប៉ងឃាតកម្មខាងលើនេះជាដើម សមត្ថកិច្ចបានស្រាវជ្រាវរយៈពេលជាង ១ ខែ ហើយ ឈានទៅសហការជាមួយនគរបាលខេត្តស្វាយរៀង និងក្រុងបាវិត ឃាត់ខ្លួនបានជនសង្ស័យដែលគេចទៅសម្ងំលាក់ខ្លួន៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


